ខេត្តកំពត ៖ ប្តីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នាបែកផ្សែងពីរឿងលក់ទូ ដោយបុរសជាប្តីបានប្រកាន់ខឹងនឹងប្រពន្ធរបស់ខ្លួនដែលលក់ទូ ដោយមិនបានប្រាប់ខ្លួនជាប្តី ជាហេតុធ្វើឱ្យកើតមានកំហឹង ទប់ចិត្តមិនជាប់ ក៏ស្ទុះទៅទាញពូថៅមកកាប់ប្រហារប្រពន្ធជាច្រើនពូថៅ បណ្តាលឱ្យរងរបួសធ្ងន់។
ករណីប្តីកាប់ប្រហារប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ។
ជនដៃដល់ជាប្តីដែលកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ ព្រោះតែខឹងរឿងលក់ទូ មានឈ្មោះអ៊ឹម ប៉ាន អាយុ៥៧ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះនូច សារ៉ូ អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើនេះ ឧស្សាហ៍កើតមានទំនាស់នឹងគ្នាញឹកញាប់ណាស់ ហើយក៏តែងកើតមានអំពើហិង្សាខ្លះដែរ គ្រាន់តែមិនធ្លាប់ធ្ងន់ធ្ងរដូចលើកនេះទេ។ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានលក់ទូដាក់ខោអាវមួយឱ្យគេ ដោយមិនបានប្រាប់បុរសជាប្តីឱ្យបានដឹងនោះទេ លុះពេលបុរសជាប្តីត្រឡប់មកផ្ទះវិញ បាត់ទូ រកមិនឃើញ ក៏សួរនាំប្រពន្ធ លុះប្រពន្ធឆ្លើយថា លក់ឱ្យគេបាត់ហើយ ស្រាប់តែបុរសជាប្តីខឹងសម្បា ស្រែកឡូឡា រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់តឹងសរសៃកដាក់គ្នា។
ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ទំនងជាកំហឹងបុរសជាប្តីកើនកំដៅខ្លាំងពេកទប់មិនជាប់ ស្រាប់តែបុរសជាប្តីបានស្ទុះទៅទាញកូនពូថៅដៃ មកកាប់ប្រហារប្រពន្ធជាច្រើនពូថៅ ចំក្បាល និងដងខ្លួន បណ្តាលឱ្យរបួសជាទម្ងន់។
ក្រោយពេលធ្វើសកម្មភាពកាប់ប្រហារប្រពន្ធឱ្យរងរបួសធ្ងន់រួចហើយ ជនដៃដល់ជាប្តីបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាង កូនពូថៅដៃចំនួន១ដើម នៅកន្លែងកើតហេតុ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ស្រុកអង្គរជ័យ។
បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស្វែងរកចាប់ជនដៃដល់ជាប្តី ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕