Sunday, October 5, 2025
Homeព័ត៌មានជាតិឆេះផ្សារសំរោងយ៉ោង ខូចខាតទំនិញ១៥០០០ដុល្លារ

ឆេះផ្សារសំរោងយ៉ោង ខូចខាតទំនិញ១៥០០០ដុល្លារ

ខេត្តតាកែវ ៖ នៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី  ឃុំត្រពាំងសាប ស្រុកបាទី បណ្តាលឱ្យខូចខាតអស់របរលក់ដូរនៅក្នុងនោះ មានទំហំទឹកប្រាក់ប្រមាណ១៥០០០ដុល្លារ។

តាមសម្តីម្ចាស់តូបលក់ដូរ ដែលរងការឆាបឆេះខាងលើ បានឱ្យដឹងថា កាលពីល្ងាចមុនពេលកើតហេតុ ក្រោយពីបញ្ចប់ការលក់ដូរ ប្តីប្រពន្ធគាត់បានបិទទ្វារតូបចាក់សោយ៉ាងត្រឹមត្រូវ ហើយនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះ ងូតទឹកហូបបាយចូលសម្រាន្តលង់លក់ក្នុងដំណេកអស់ទៅ ដោយមិននឹកស្មានថា មានភ្លើងឆេះត្រូវអីវ៉ាន់បែបនេះឡើយ លុះដល់វេលាកើតហេតុ ទើបមានអ្នកលក់ដូរនៅក្បែរគ្នាទូរស័ព្ទទៅប្រាប់ប្តីគាត់ថា មានភ្លើងឆេះតូបរបស់ពួកគាត់ ធ្វើឱ្យពួកគាត់រន្ធត់ចិត្តជាពន់ពេក ប្រញាប់ធ្វើដំណើរមកតូបលក់ដូរ តែពេលមកដល់ ភ្លើងកំពុងឆាបឆេះអីវ៉ាន់របស់គាត់ស្ទើរតែអស់ទាំងស្រុងទៅហើយ។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត  បានបញ្ជាឱ្យកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកបាទី ចេញធ្វើអន្តរាគមន៍   ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ជួយពន្លត់បានទាន់ពេលវេលា ដោយខូចខាតអស់តែមួយតូបប៉ុណ្ណោះ។ តូបដែលត្រូវឆេះមានទំហំ៤X៤ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី ជាតូបលក់ចាប់ហួយ មានម្ចាស់ឈ្មោះលន គឹមសែ  បណ្តាលឱ្យឆេះអីវ៉ាន់ក្នុងតូបទាំងស្រុង សរុបទឹកប្រាក់ចំនួន១៥០០០ដុល្លារ តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍ អគ្គិភ័យនេះឡើយ រីឯមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕

RELATED ARTICLES