Sunday, October 5, 2025
Homeព័ត៌មានជាតិមេប៉េអឹមលាតត្រដាងមុខមាត់ពិត អ្នកសុំទានសម័យថ្មី សុំលុយបាន ទិញថ្នាំញៀនជក់

មេប៉េអឹមលាតត្រដាងមុខមាត់ពិត អ្នកសុំទានសម័យថ្មី សុំលុយបាន ទិញថ្នាំញៀនជក់

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុត ខណៈដែលអ្នកសុំទានចំនួន២នាក់ ប្រឹងដើរតត្រុកសុំលុយពីប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ មើលទៅគួរឱ្យសង្វេគ និងត្រូវបានប្រជាពលរដ្ឋមានចិត្តអាណិតអាសូរ ក៏ផ្តល់ជាលុយកាក់តាមលទ្ធភាព ស្រាប់តែពេលបានលុយដល់ដៃសមល្មមគ្រប់គ្រាន់ ក៏នាំគ្នាទៅទិញថ្នាំញៀនយកមកអង្គុយជក់នៅកណ្តាលសួនច្បារទីសាធារណៈ ដោយម្នាក់គ្រលំភួយសម្ងំជក់ ចំណែកម្នាក់ទៀតជក់ទាំងកណ្តាលវាលយ៉ាងរំភើយ ហាក់គ្មានខ្វល់ខ្វាយពីភ្នែកមនុស្សម្នាឆ្លងកាត់បន្តិចណាសោះ។

 

ហេតុការណ៍ដ៏គួរឱ្យហួសចិត្តខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញផ្ទាល់ភ្នែក កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចសួនច្បារក្បែរស្តុបផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក គ្រាដែលលោកទើបនឹងធ្វើដំណើរចេញពីកន្លែងធ្វើការ ឆ្ពោះទៅគេហដ្ឋាន ហើយភ្លាមនោះ លោកក៏បានបញ្ជាឱ្យកម្លាំងអាវុធហត្ថចុះត្រួតពិនិត្យ និងបញ្ជូនខ្លួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

បុរសជាអ្នកសុំទានទាំង២នាក់ ដែលដើរសុំលុយបានយកទៅទិញថ្នាំញៀនមកអង្គុយជក់នៅកណ្តាលទីវាលសាធារណៈខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំទៅហើយ។

 

តាមសម្តីបុរសជាអ្នកសុំទានខាងលើ បានអះអាងថា ខ្លួនតែងដើរសុំទានគេជាប្រចាំនៅស្តុបផ្សារដើមគរនេះ ដោយក្នុងមួយថ្ងៃអាចរកប្រាក់បានប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ លុះពេលបានប្រាក់ដល់ដៃហើយ ខ្លួនក៏បានទៅទិញថ្នាំញៀន យកមកប្រើប្រាស់ក្នុងតម្លៃ២ម៉ឺនរៀល ហើយដោយមិនមានកន្លែងលាក់លៀមជក់ ក៏យកភួយមកគ្រលំ រួចសម្ងំជក់នៅលើសួនច្បារក្បែរស្តុបផ្សារដើមគ នេះតែម្តង។

 

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ព្រមទាំងវីដេអូឃ្លីបចំនួន១ បង្ហាញពីសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបឃាត់ខ្លួនបុរសជាអ្នកសុំទាន២នាក់ ដែលកំពុងប្រើប្រាស់ថ្នាំញៀនលើសួនច្បារកណ្តាលទីសាធារណៈ។

 

ហ្វេសប៊ុកខាងលើ បានសរសេរបញ្ជាក់ឱ្យដឹងថា ”នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើដំណើរចេញពីកន្លែងធ្វើការ ឆ្ពោះទៅគេហដ្ឋាន ឆ្លងកាត់ស្តុបផ្សារដើមគ ក្រឡេកទៅលើសួនច្បារក្បែរស្តុប ឃើញសកម្មភាពបុរស២នាក់ មានម្នាក់អង្គុយគ្រលំភួយ និងម្នាក់ទៀតអង្គុយក្បែរគ្នា មើលទៅហាក់ដូចជាសង្ស័យ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាក់បញ្ជាឱ្យកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗ។

គួរឱ្យភ្ញាក់ផ្អើលណាស់ ទាំងពីរនាក់នោះគ្រាន់តែជាអ្នកសុំទាន តែហ៊ានអង្គុយជក់គ្រឿងញៀនកណ្តាលទីសាធារណៈយ៉ាងរំភើយ។  ឆ្លើយតបជាមួយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បុរសម្នាក់ដែលជាអ្នកជក់ថ្នាំ បានសារភាពថា រាល់ថ្ងៃរូបគេតែងដើរសុំទានបាន១ម៉ឺនទៅ២ម៉ឺនរៀល ក៏យកទៅទិញគ្រឿងញៀនជក់។ ក្រោយពេលនឹកហួសចិត្ត និងពិនិត្យឃើញស្មារតីកាយសម្បាគាត់ទន់ខ្សោយ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកពួកគាត់ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ពួកគាត់សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់។

ករណីនេះ សូមចាត់ទុកជាសារផ្ញើជូនអ្នកធ្វើទានទាំងឡាយ យកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម? តើអ្នកគួរតែបង្វែរទានដែលតែងឱ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរសជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិការ មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹង លោកយាយលោកតា ព្រះសង្ឃក្នុងវត្តអារាម និងសិស្សក្រីក្រដែលតស៊ូរៀនជាច្រើនទៀតបានដែរឬទេ? បើធ្វើទានដល់អ្នកចេះតស៊ូតែម្តង អាចជួយឱ្យអនាគតគាត់បានប្រសើរឡើងពេញមួយជីវិត តែសម្រាប់អ្នកខ្ជិលច្រអូស យកការសុំទានជាមុខរបរ ទោះឱ្យទានគាត់មួយជីវិត ក៏គាត់មិនអាចកសាងអនាគតបានប្រសើរឡើងឡើយ…”៕

RELATED ARTICLES