ខេត្តសៀមរាប ៖ ស្ត្រីដៃឆើតម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើល្បិចទម្លាក់យោងដាក់ជនរងគ្រោះមិនសម្រេច ដោយធ្វើជារើសបានលុយ និងដុំមាស រួចលួងលោមហៅជនរងគ្រោះទៅរកកន្លែងស្ងាត់ចែកគ្នា ជាថ្នូរនឹងការបោកបញ្ឆោតយកគ្រឿងអលង្ការលើខ្លួនជនរងគ្រោះ តែភ្លាត់ស្នៀតបែករឿង ក៏ត្រូវជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់ក្របួចជាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប។
ស្ត្រីជាជនសង្ស័យជំនាញខាងទម្លាក់យោង ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះឡាត់ ស្រីរើន ហៅម៉ាប់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកស្ត្រីជនរងគ្រោះសុំមិនបង្ហាញអត្តសញ្ញាណ។
តាមសម្តីស្ត្រីជាជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរទៅផ្សារលើ ដោយមានពាក់គ្រឿងអលង្ការជាប់នឹងខ្លួនផង លុះពេលទៅដល់កន្លែងលក់បន្លែក្នុងបរិវេណផ្សារលើ កំពុងតែឈរទិញបន្លែ ស្រាប់តែមានស្ត្រីជាជនសង្ស័យខាងលើ បានដើរមកទះស្មាគាត់១ដៃ រួចបានលាថង់ក្រហមមួយដែលមានដុំពណ៌លឿង និងប្រាក់ដុល្លារនៅក្នុងនោះ និងបាននិយាយថា នាងរើសបានលុយ និងមាសច្រើនណាស់ តែកុំឱ្យគាត់មាត់ប្រាប់គេ ទៅរកកន្លែងស្ងាត់ចែកគ្នាម្នាក់១ពាន់ដុល្លារ។ បន្ទាប់មកស្ត្រីសង្ស័យ បានហៅគាត់ឱ្យឡើងជិះម៉ូតូទៅ ជាមួយបក្ខពួកគេ២នាក់ទៀត ពេលនោះរូបគាត់បានឡើងជិះលើម៉ូតូទៅហើយ ស្រាប់តែមានអ្នករត់ម៉ូតូឌុបម្នាក់ ដែលរស់នៅផ្ទះជាប់គ្នាបានស្រែកហៅគាត់ រួចចាប់ដៃគាត់ចុះពីម៉ូតូ ធ្វើឱ្យគាត់ភ្ញាក់ខ្លួនស្រែកហៅអ្នកនៅក្បែរកន្លែងកើតហេតុឱ្យជួយឃាត់ជនសង្ស័យ ភ្លាមៗនោះនគរបាលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលឈរជើងនៅខាងមុខផ្សារលើ បានសហការជាមួយក្រុមសន្តិសុខផ្សារលើ ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ពួកនាងមានគ្នា៣នាក់ រួមមាន រូបនាងផ្ទាល់ និងឈ្មោះរ៉ា ព្រមទាំងឈ្មោះថន មិនស្គាល់ត្រកូល រស់នៅរាជធានីភ្នំពេញ បានធ្វើសកម្មភាពយកលុយក្លែងក្លាយចំនួន៧០០ដុល្លារ និងសំណរដាក់ក្នុងថង់ពណ៌ក្រហម រួចដាក់ក្នុងកាបូបហើយយកទៅបង្ហាញទៅជនរងគ្រោះ ដោយនិយាយថា ចែកគ្នាម្នាក់១០០០ដុល្លារ កុំឱ្យអ្នកណាដឹង ក្នុងគោលបំណងលួងលោមយកខ្សែកពីជនរងគ្រោះ ស្រាប់តែមិនទាន់បានសម្រេចផង ក៏ត្រូវជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចាប់វ៉ៃខ្នោះជាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ក្រដាសលុយ១០០ដុល្លារ (ក្លែងក្លាយ) ចំនួន៧សន្លឹក ដុំសំណរពណ៌ដូចមាស ចំនួន៣ដុំតូចៗ ថង់ពណ៌ក្រហម១ និងកាបូប១។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ ដើម្បីតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕