ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ជើងខ្លាំងម្នាក់ បានចតរថយន្តនៅតំបន់ហាមឃាត់ លុះត្រូវកម្លាំងអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្តាប់ធ្នាប់ ស្ទូចរថយន្តចេញ ក៏ស្រាប់តែបើកឆាកជេរបញ្ចោរអាជ្ញាធរកប់ៗមាត់ ព្រមទាំងកញ្ឆក់យកទូរស័ព្ទដៃពីប្រជាការពារម្នាក់បោកកម្ទេចចោលទៀតផង ជាហេតុធ្វើឱ្យអាជ្ញាធរសម្រេចស្ទូចទាំងរថយន្ត នាំទាំងមនុស្សទៅដោះស្រាយគ្នានៅសាលាខណ្ឌ តែម្តង។
ហេតុការណ៍ស្ត្រីជើងខ្លាំងជេរប្រមាថ និងបោះទូរស័ព្ទដៃប្រជាការពារខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១០៨ ស្ថិតខាងលិចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញ ក្នុងការអនុវត្តជាប្រចាំណែនាំ ក៏ដូចជាចេញប្រកាសពីការឈប់ចតនានានៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវនាំឱ្យប៉ះពាល់និងបាត់បង់សណ្តាប់ធ្នាប់នោះ ជាពិសេសទៀត នៅតាមបណ្តោយផ្លូវលេខ១០៦ និង១០៨ ដែលជាផ្លូវហាមឃាត់នោះ ទើបនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងនគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅបណ្តោយផ្លូវ២ខ្សែនោះ។
អាជ្ញាធរខណ្ឌដូនពេញ បន្តថា លុះពេលចុះរៀបចំសណ្តាប់ធ្នាប់ដល់ចំណុចក្បែរផ្សារចាស់ ក៏ឃើញរថយន្ត១គ្រឿង ម៉ាក Toyota Corolla ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AO-3360 បានឈប់ចតនៅចិញ្ចើមផ្លូវ មិនឃើញមានម្ចាស់នោះទេ។ ឃើញបែបនេះ កម្លាំងបានរៀបចំស្ទូចរថយន្តនោះ ស្រាប់តែលេចមុខស្ត្រីម្នាក់អះអាងថា ជាម្ចាស់ឡានបានមកដល់ សុំអង្វរកម្លាំងកុំឱ្យស្ទូចរថយន្តរបស់គាត់ ពេលនោះកម្លាំងក៏យល់ព្រមតាមសំណូមពររបស់ស្ត្រីម្ចាស់ឡានរូបនោះ ដោយមិនស្ទូចនោះទេ ហើយស្ត្រីរូបនោះក៏បើករថយន្តចេញទៅ។
អាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងទៀតថា លុះពេលបើករថយន្តចេញទៅបានបន្តិច ស្រាប់តែស្ត្រីរូបនោះបែរជាបត់រថយន្តមករករឿងស្រែកជេរប្រមាថដល់កម្លាំងទាំងអស់ទៅវិញ ហើយខណៈនោះ កម្លាំងប្រជាការពារម្នាក់បានលើកទូរស័ព្ទមកថតពីសកម្មភាពដែលស្ត្រីរូបនោះបានស្រែកជេរប្រមាថដល់កម្លាំងអាជ្ញាធរយ៉ាងចាស់ដៃ ស្រាប់តែភ្លាមនោះ ស្ត្រីជើងខ្លាំងរូបនោះ បានចេញពីក្នុងរថយន្តរបស់ខ្លួន មកចាប់យកទូរស័ព្ទដៃរបស់កម្លាំងប្រជាការពារ ទៅបោកចោល បណ្តាលឱ្យបែកខ្ទេចអស់ហើយ ប្រុងបើករថយន្តរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលចរាចរណ៍ចេញមកឃាត់ និងស្ទូចទាំងមនុស្ស និងរថយន្តមកសាលាខណ្ឌដូនពេញ ដើម្បីដោះស្រាយគ្នា។
បន្ទាប់ពីត្រូវកម្លាំងសមត្ថកិច្ចស្ទួចរថយន្តមកដល់សាលាខណ្ឌដូនពេញ ស្រាប់តែស្ត្រីជើងខ្លាំងខាងលើ បែរជាថមថយកំហឹងលែងកោងកាច ទៅជាស្លូតបន្តិចវិញ ចំណែកសម្តីសំដៅក៏ទន់ភ្លន់ពីរោះពិសាច្រើនជាងមុន ព្រមទាំងបានសុំទោសអាជ្ញាធរ និងសំណូមពរឱ្យអាជ្ញាធរជួយសម្របសម្រួលឱ្យរូបគាត់ទៀតផង។
ដោយឃើញស្ត្រីជើងខ្លាំងខាងលើ ព្រមទទួលកំហុសរបស់ខ្លួន ទើបអាជ្ញាធរខណ្ឌដូនពេញ ក្រោមការសម្របសម្រួលរបស់លោកចាប ឌីណា នាយករដ្ឋបាលខណ្ឌ បានអប់រំណែនាំឱ្យស្ត្រីរូបនោះ ឈប់ធ្វើដូច្នេះតទៅទៀត រួចក៏អនុញ្ញាតឱ្យស្ត្រីនោះត្រឡប់ទៅផ្ទះវិញ។ ចំណែកស្ត្រីរូបនោះ ក៏បានយល់ព្រមចេញសំណងឱ្យទៅប្រជាការពារជាម្ចាស់ទូរស័ព្ទវិញផងដែរ៕