ភ្នំពេញ ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធរត់ចោល៣ថ្ងៃ មិនទាន់ត្រឡប់មកវិញ ក៏ដើរទៅផឹកស្រារហូតស្រវឹងជោកជាំ រួចក៏ទៅរករឿងឈ្លោះប្រកែក ចោទម្តាយបង្កើតថាជាអ្នកដេញប្រពន្ធចេញពីផ្ទះ ហើយក៏ស្ទុះទៅចាប់បោកម្តាយផ្ទប់ដី បណ្តាលឱ្យរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំរោងចក្រ៣ជាន់ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
កូនប្រុសអកត្តញ្ញូដែលចាប់បោកម្តាយផ្ទប់ដី ព្រោះតែក្តៅចិត្តរឿងប្រពន្ធរត់ចោល មានឈ្មោះប៉ែន សុផា អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយម្តាយ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះយន់ ចាន់ស៊ីណាត អាយុ៥១ឆ្នាំ មុខរបរលក់ប្រហិតចៀននៅផ្ទះកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា គាត់មានកូន៦នាក់ សុទ្ធតែប្រុស ហើយគាត់ជាស្ត្រីមេម៉ាយ បានចិញ្ចឹមកូនតាំងពីតូចៗម៉្លេះ ដោយសារពិបាកក្នុងការបីបាច់ថែរក្សា គាត់បានឱ្យប្អូនប្រុសម្នាក់ឈ្មោះយន់ ចាន់ណារុំ ជួយបីបាច់ថែរក្សាកូនប្រុសភ្លោះ២នាក់ គឺឈ្មោះប៉ែន សុផានិត និងប៉ែន សុផាន់ណា ជំនួសគាត់ ហើយសព្វថ្ងៃកូនភ្លោះទាំង២នេះ មានវ័យ១៩ឆ្នាំហើយ។
ស្ត្រីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់២នាក់ ទី១-ឈ្មោះប៉ែន សុផា (ជនបង្ក) និងទី២-ឈ្មោះប៉ែន ណារ័ត្ន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលសុទ្ធសឹងជាកូនអកត្តញ្ញូមិនស្តាប់បង្គាប់ម្តាយ បាននាំគ្នាផឹកស៊ីនៅមុខផ្ទះ រហូតស្រវឹងធ្លាក់ភ្នែក។ លុះបន្តិចក្រោយមក កូនប្រុសឈ្មោះប៉ែន សុផា បានកើតមានកំហឹងជាមួយគាត់ជាម្តាយពីរឿងប្រពន្ធរបស់គេ រត់ចោល៣ថ្ងៃមកហើយ ក៏និយាយឌឺដងដៀមដាមដាក់គាត់ជាម្តាយថា មកពីគាត់ជាអ្នកដេញកូនប្រសាចេញពីផ្ទះ ទើបប្រពន្ធរបស់គេរត់ចោលបែបនេះ។ ពេលនោះគាត់ជាម្តាយបាននិយាយថា គាត់អត់ដឹងរឿងអីទេ គឺមកពីឯងមិនចេះរកស៊ីអី ទើបប្រពន្ធរត់ចោល ក៏បង្កឱ្យមានទំនាស់ពាក្យសម្តី រហូតកូនប្រុសអកត្តញ្ញូស្ទុះមកចាប់គាត់ជាម្តាយបោកផ្ទប់ដី បណ្តាលឱ្យដួលតែមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ភ្លាមៗនោះរឿងដែលគាត់ត្រូវកូនប្រុសចាប់បោក ក៏បានដឹងដល់ប្អូនប្រុសរបស់គាត់ឈ្មោះយន់ ចាន់ណារុំ ក៏នាំកូនប្រុសភ្លោះរបស់គាត់មកជួយអន្តរាគមន៍ ដោយសួរនាំទៅដឹងរឿងថា កូនប្រុសឈ្មោះប៉ែន សុផា វាយគាត់ជាម្តាយ ទើបធ្វើឱ្យកូនប្រុសភ្លោះផ្ទុះកំហឹង ក៏ស្ទុះទៅវាយបងប្រុសបង្កើតឈ្មោះប៉ែន សុផា (ជនបង្ក) នោះបណ្តាលឱ្យបែកក្បាល ធ្វើឱ្យមានការផ្អើលឆោឡោនៅកន្លែងកើតហេតុ។
ស្ត្រីរងគ្រោះជាម្តាយ បានបញ្ជាក់ឱ្យដឹងដែរថា ចំណែកកូនប្រុសរបស់គាត់ម្នាក់ទៀត ឈ្មោះប៉ែន ណារ័ត្ន ពេលផឹកស៊ីស្រវឹងម្តងៗ តែងរករឿងគាត់ជាម្តាយមិនចេះចប់ចេះហើយទេ និយាយរួម កូនប្រុសទាំងពីរនាក់នេះ តែងតែធ្វើបាបចិត្តគាត់ជាម្តាយសឹងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ ធ្លាប់វាយបំផ្លាញរបស់របរក្នុងផ្ទះគ្មានសល់ សូម្បីតែកញ្ចក់ទ្វារផ្ទះវាយកំទេចចោល គ្រាន់តែប្តូរថ្មីមិនតិចជាង១០ដងទេ។
តាមសម្តីប្រជាពលរដ្ឋអ្នកជិតខាង បានបង្ហើបប្រាប់ថា គ្រួសារខាងលើឱ្យតែផឹកស៊ីស្រវឹងម្តងៗ តែងតែឈ្លោះប្រកែកគ្នា និងវាយតប់គ្នាច្រើនដងរាប់មិនអស់មកហើយ គឺមិនស្តាប់ម្តាយឡើយ ថែមទាំងរករឿងវាយម្តាយសឹងរាល់ថ្ងៃទៀតផង។
ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះទៅដល់កន្លែងកើតហេតុ តែដោយឃើញស្ថានភាពរញ៉េរញ៉ៃខ្លាំងពេក បានទាក់ទងបន្តសុំអន្តរាគមន៍ពីកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ មកជួយនាំអ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីហិង្សាខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍ ។ លុះមួយសន្ទុះក្រោយមក ដោយភាគីបងប្អូនទាំង៤នាក់ រួមនឹងឪពុកមាខាងលើ មិនប្តឹងផ្តល់គ្នា ទើបសមត្ថកិច្ចបានធ្វើលិខិតបដិសេធបណ្តឹង ហើយធ្វើការអប់រំណែនាំឱ្យស្ត្រីជាម្តាយធានាត្រឡប់ទៅផ្ទះវិញអស់ទៅ៕