ភ្នំពេញ ៖ ស្ត្រីជើងខ្លាំងម្នាក់ ដែលត្រូវគេស្គាល់ថាជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានដោះស្បែកជើងគប់រូបសម្តេច ហ៊ុន សែន រួចថតបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចច្រកព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនដោយសារតែស្នាក់នៅហួសទិដ្ឋាការ និងត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជា លុះពេលមកដល់កម្ពុជា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ស្ត្រីជើងខ្លាំងដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះសំ សុខា អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅមុនពេលឃាត់ខ្លួន ក្នុងភូមិអូរស្វាយចេក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅភូមិអូរស្វាយចេក សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះសំ សុខា ត្រូវបានលោកស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងដីកាបានបញ្ជាក់ថា ស្ត្រីឈ្មោះសំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ “ប្រមាថ និងញុះញង់ឱ្យមានការរើសអើង” ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមមេធាវី និងក្រុមអង្គការសិទ្ធិមនុស្ស បានឱ្យដឹងថា ស្ត្រីឈ្មោះសំ សុខា ដែលរត់គេចខ្លួនពីកម្ពុជា ដើម្បីគេចពីការកាត់ ទោសពីបទគប់ស្បែកជើងទៅលើផ្ទាំងប៉ាណូមានរូបនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ដោយសារស្នាក់នៅហួសទិដ្ឋាការ ហើយប្រឈមនឹងការនិរទេសខ្លួនចេញពីថៃ។
គួររំលឹកថា ស្ត្រីសង្ស័យឈ្មោះសំ សុខា បានចេញទៅរស់នៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប៉ូលិសបានបើកការស៊ើបអង្កេតលើវីដេអូឃ្លីបនៅលើហ្វេសប៊ុកដែលបង្ហាញរូបនាងដោះស្បែកជើងគប់លើរូបភាពសម្តេចហ៊ុន សែន នៅលើផ្ទាំងប៉ាណូរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនេះនាងបានគប់ស្បែកជើងទី២ ទៅលើរូបភាពសម្តេចហេង សំរិន ផងដែរ៕