Sunday, October 5, 2025
Homeព័ត៌មានជាតិតក់ស្លុតខ្លាំងណាស់!!! ម្តាយនិងកូន២នាក់ ដេកក្នុងតូបលក់ចាប់ហួយ ភ្លើងឆេះស្លាប់ទាំង៣

តក់ស្លុតខ្លាំងណាស់!!! ម្តាយនិងកូន២នាក់ ដេកក្នុងតូបលក់ចាប់ហួយ ភ្លើងឆេះស្លាប់ទាំង៣

ខេត្តឧត្តរមានជ័យ ៖ ជារឿងដ៏គួរឱ្យតត់ស្លុតបំផុត ខណៈដែលស្ត្រីម្នាក់រួមនឹងកូនស្រីចំនួន២នាក់ទៀត កំពុងដេកលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងតូបលក់ចាប់ហួយរបស់ខ្លួន ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ ក៏កើតមានអគ្គិភ័យឆាបឆេះឡើង ជាហេតុធ្វើឱ្យម៉ែកូនទាំង៣នាក់មិនបានដឹង ទើបបណ្តាលឱ្យភ្លើងឆាបឆេះស្លាប់ទាំង៣នាក់ម្តាយកូនក្នុងភ្នក់ភ្លើង គួរឱ្យសង្វេគបំផុត។

ហេតុការណ៍គ្រោះអគ្គិភ័យដែលឆក់យកជីវិតមនុស្ស៣នាក់ម្តាយកូន (ស្លាប់ក្នុងភ្នក់ភ្លើង​) យ៉ាងអាណោចអាធ័មនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចតូបលក់ឥវ៉ាន់ចាបហួយមួយកន្លែង ស្ថិតក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

ជនរងគ្រោះទាំង៣នាក់ម្តាយកូនដែលឆេះស្លាប់ក្នុងភ្នក់ភ្លើង រួមមាន ទី១. ឈ្មោះថង់ ហូវ ភេទស្រី អាយុ៤២ឆ្នាំ (ត្រូវជាម្តាយ) ទី២. ឈ្មោះចាន់ លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ (ត្រូវជាកូនបង្កើត) និងទី៣. ឈ្មោះចាន់ លីតា ភេទស្រី អាយុ៧ឆ្នាំ (ត្រូវជាកូនបង្កើត)។ ជនរងគ្រោះទាំង៣នាក់ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកតូបលក់អីវ៉ាន់ចាបហួយដែលទទួលរងការឆាបឆេះ មានទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះទាំង៣នាក់ម្តាយកូន បានរៀបចំបិទតូចលក់ចាប់ហួយរបស់ខ្លួន រួចនាំគ្នាចូលដំណេកដូចសព្វដង។ រហូតដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះទាំង៣នាក់ម្តាយកូន ក៏ដូចជាមនុស្សម្នាទូទៅកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ ស្រាប់តែតូបលក់ចាប់ហួយរបស់ស្ត្រីរងគ្រោះត្រូវបានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែដោយសារជនរងគ្រោះទាំង៣នាក់ ដេកលក់ស្កប់ពេក  ទើបមិនបានដឹងថាមានភ្លើងឆេះ លុះទម្រាំភ្ញាក់ដឹងខ្លួន ភ្លើងបានឆេះពេញបន្ទុក ធ្វើឱ្យជនរងគ្រោះទាំង៣នាក់ រកផ្លូវរត់ចេញមិនឃើញ ក៏ឈ្លក់ផ្សែងសន្លប់ និងត្រូវភ្លើងឆេះស្លាប់ ស្ទើរក្លាយជាផេះទាំង៣នាក់ម្តាយកូន គួរឱ្យសង្វេគតែម្តង។

បើតាមការស្រាវជ្រាវ ត្រួតពិនិត្យរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ទើបបង្កអគ្គិភ័យឆាបឆេះឡើងតែម្តង ហើយស្របពេលដែលម្ចាស់ផ្ទះកំពុងតែដេកលង់លក់យ៉ាងស្រួលរហូតដល់អណ្តាតភ្លើងបង្ករឡើងយ៉ាងសន្ធោសន្ធៅ ទើបធ្វើឱ្យជនរងគ្រោះជាម្ចាស់ផ្ទះរត់ចេញមិនរួច បណ្តាលឱ្យភ្លើងឆាបឆេះទាំងម្តាយនិងកូនស្លាប់នៅក្នុងភ្នក់ភ្លើងតែម្តង។

នៅក្នុងពេលដែលអណ្តាតភ្លើងកំពុងតែឆាបឆេះឡើង ប្រជាពលរដ្ឋបានទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច និងបានបពាន្ជូរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែអកុសល មិនអាចស្រោចស្រង់អ្វីបានឡើយ ពោលគឺទាំងតូបលក់ចាប់ហួយទាំងមនុស្ស៣នាក់ម្តាយកូន ត្រូវភ្លើងឆេះខ្ទេចគ្មានសល់។

សាកសពជនរងគ្រោះទាំង៣នាក់ម្តាយកូន  ដែលត្រូវភ្លើងឆេះខ្លោចខ្មៅដូចធ្យូង ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES