Sunday, October 5, 2025
Homeព័ត៌មានជាតិគាត់តូចចិត្តខ្លាំងហើយមើលទៅ ទើបសម្រេចចិត្តធ្វើបែបនេះ

គាត់តូចចិត្តខ្លាំងហើយមើលទៅ ទើបសម្រេចចិត្តធ្វើបែបនេះ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ព្រោះតែកើតមានជំងឺប្រចាំកាយព្យាបាលមិនជា ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត ចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

បុរសគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះម៉ៃ ម៉ូត អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយជាយូរឆ្នាំណាស់មកហើយ និងធ្លាប់ទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលដែរ តែមិនទទួលបានលទ្ធផលសោះឡើយ ហើយមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺរបស់ជនរងគ្រោះចេះតែធ្វើទុក្ខមិនឈប់ ជាហេតុធ្វើឱ្យជនរងគ្រោះហាក់មានអារម្មណ៍អស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានសម្រាកនៅក្នុងផ្ទះដូចសព្វដង និងមិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។ រហូតដល់វេលាថ្ងៃត្រង់ទៅហើយ នៅតែមិនទាន់ឃើញជនរងគ្រោះចុះពីលើផ្ទះមករកបាយទឹកហូបទៀត ទើបកូនម្នាក់បានឡើងទៅមើល ក៏ស្រាប់តែប្រទះឃើញឪពុករបស់ខ្លួនចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយយកខ្សែអង្រឹងពណ៌ក្រហម ចងកភ្ជាប់នឹងធ្នឹមផ្ទះកម្ពស់ជាង១ម៉ែត្រពីបាតផ្ទះ បណ្តាលឱ្យស្លាប់ក្នុងស្ថានភាពអង្គុយខ្នងផ្អែកទៅនឹងជញ្ជាំងក្តារ។ ចំណែកមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះបានកើតមានជំងឺប្រចាំកាយព្យាបាលមិនជា ទើបតូចចិត្តគិតខ្លីបែបនេះ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES