ខេត្តមណ្ឌលគីរី ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅចំណុចផ្សារក្រុងសែនមនោរម្យ ដោយបានឆេះបំផ្លាញតូបលក់ដូរ អស់ប្រមាណជាង២០០តូប ព្រមទាំងបានធ្វើឱ្យមនុស្សក្មេងចាស់២នាក់ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ចំណែកទំហំនៃការខូចខាត នៅមិនទាន់អាចបូកសរុបបាននៅឡើយ គ្រាន់តែដឹងថា មានទំហំធំហួសពីការស្មាន។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណផ្សារក្រុងសែនមនោរម្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ការឆាបឆេះទាំងយប់បែបនេះ បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ និងក៏មិនអាចយករបស់របរទាន់នោះដែរ ហើយអគ្គិភ័យនេះក៏បានឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរៗផ្សារនោះផងដែរ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា អគ្គិភ័យដែលបានឆេះផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាលទ្ធផលនៃការសន្និដ្ឋានជំហ៊ានដំបូង បណ្តាលឱ្យខូចខាងអស់ជំនួន២២០ខ្នង ផ្ទះនិងតូប ព្រមទាំងបណ្តាលឱ្យមនុស្សចាស់ម្នាក់ និងក្មេងម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើង។
លោកអភិបាលខេត្ត បានបន្ថែមថា រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យមិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយអន្តរាគមន៍បាញ់ពន្លត់ឱ្យរលត់ទាំងស្រុង ដើម្បីស្វែងរកសាកសពជនរងគ្រោះទាំង២នាក់ខាងលើ។
លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យបាននឹងកំពុងបន្តឆេះផ្សារក្រុងសែនមនោរម្យ នៅមិនទាន់រលត់នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំនៅឡើយ។ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានសុំជំនួយរថយន្តពន្លត់ អគ្គិភ័យពីស្នងការនគរបាលខេត្តក្រចេះ ផងដែរ ដើម្បីទៅជួយបាញ់ទឹកពន្លត់៕