ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពលបចូលបន្ទប់ស្ត្រីម្នាក់ទាំងកណ្តាលអធ្រាត្រ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ត្រូវស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងចេញមកជួយអន្តរាគមន៍ ធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួនអស់៣ថ្ងៃ ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាប់ នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានប៉ងរំលោភស្រីទាំងកណ្តាលអធ្រាត្រនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ លុះក្រោយពីរត់គេចខ្លួនបាន៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
បុរសល្មោភកាមដែលប៉ងរំលោភស្រី មានឈ្មោះសរ អំណត់ អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង និងមានស្រុកកំណើតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះហ.ស.ម អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីរងគ្រាះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់បានចូលសម្រាកនៅក្នុងផ្ទះដូចសព្វដង ដោយសម្រាកនៅក្នុងបន្ទប់ខាងក្រោមផ្ទះ។ លុះដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលគាត់កំពុងតែដេកលង់លក់ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើសកម្មភាពលបចូលក្នុងបន្ទប់របស់គាត់ រួចបានប៉ុនប៉ងចាប់រំលោភគាត់ទាំងកំរោល តែភ្លាមនោះ គាត់បានភ្ញាក់ដឹងខ្លួនទាន់ ក៏ប្រឹងរើបម្រះ និងស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏រត់គេចបាត់ស្រមោល។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគន៍ និងធ្វើការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំយកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប៉ុនប៉ងរំលោភស្ត្រីរងគ្រោះប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕