ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយបន្ថែមទៀត សម្រាប់អ្នកសុំទានម្នាក់នេះដែលបានប្រើល្បិចថ្មី បន្លំខ្លួនធ្វើជាមនុស្សពិការ ម្តងជិះរទេះ ម្តងកិល ម្តងវារលើដី ម្តងកាន់ឈើច្រត់ ដើម្បីបោកបញ្ឆោតភ្នែកមហាជន ឱ្យមើលទៅឃើញសភាពរបស់ខ្លួនគួរឱ្យអាណិត ជាថ្នូរនឹងការដាក់ទានឱ្យជារៀងរាល់ថ្ងៃ ដែលតាមការពិត អ្នកសុំទានរូបនេះ គឺមានកាយសម្បទាល្អគ្រប់គ្រាន់ទាំងអស់ ពោលគឺមិនពិកលពិការអ្វីឡើយ។
អ្នកសុំទានដែលប្រើល្បិចជាជនពិការ ប្រកបរបរសុំទានខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញផ្ទាល់ភ្នែក កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចសួនច្បារក្បែរស្តុបផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក គ្រាដែលលោកឆ្លៀតពេលទំនេរចេញពីកន្លែងធ្វើការទៅហាត់ប្រាណ ហើយភ្លាមនោះ លោកក៏បានបញ្ជាឱ្យកម្លាំងអាវុធហត្ថចុះត្រួតពិនិត្យ និងបញ្ជូនខ្លួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
បុរសជាអ្នកសុំទានដែលបន្លំខ្លួនជាជនពិការខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហោះនូវរូបភាពព្រមទាំងវីដេអូឃ្លីបចំនួន១ បង្ហាញពីសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសជាអ្នកសុំទាន២នាក់ ដែល បន្លំខ្លួនជាជនពិការ ដើរសុំទានតាមទីសាធារណៈ។
ហ្វេសប៊ុកខាងលើ បានសរសេរបញ្ជាក់ឱ្យដឹងថា ”ម៉ោងជាង៥ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជា ការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលទំនេរចេញពីកន្លែងធ្វើការ ទៅហាត់ប្រាណ ឆ្លងកាត់ស្តុបផ្សារដើមគរ ក្រឡេកមើលទៅលើផ្លូវឃើញជនពិការម្នាក់ដើរសុំទាន ដែលលោកឧត្តមសេនីយ៍ ចំណាំបានថា គាត់ជាមនុស្សមានដៃជើងគ្រប់ទាំងអស់ តែតែងក្លែងធ្វើពិការ ម្តងជិះរទេះរុញ ម្តងវារលើដី ម្តងកាន់ឈើច្រត់ បោកបញ្ឆោតភ្នែកមហាជនដើម្បីសុំលុយជារៀងរាល់ថ្ងៃ។ ឃើញដូច្នេះធ្វើឱ្យលោកឧត្តមសេនីយ៍នឹកទៅដល់បុរសសុំទានពីរនាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែឃាត់ខ្លួនកាលពី២ថ្ងៃមុន ព្រោះតែបានដើរសុំទានគេយកលុយទៅទិញគ្រឿងញៀនមកអង្គុយគ្រលំភួយជក់ទាំងកណ្តាលថ្ងៃ លើសួនច្បារទីសាធារណៈយ៉ាងរំភើយ។ ដោយការព្រួយបារម្ភ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាក់បញ្ជាឱ្យកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗទៀត។
ការពិតជាក់ស្តែង បុរសសុំទានម្នាក់នេះពិតជាមានដៃជើងគ្រប់គ្រាន់ បានសារភាពថា រាល់ថ្ងៃរូបគេតែងដើរសុំទានដោយប្រើរូបភាពផ្សេងៗ ដូចជា អង្គុយលើរទេះឱ្យមនុស្សចាស់ ឬកូនក្មេងដើររុញ វារលើដី កាន់ឈើច្រត់ធ្វើពិការជើងម្ខាង ឬពរក្មេងតូច ដើរសុំលុយ ហើយយកទៅទិញគ្រឿងញៀនជក់។
ក្រោយពេលពិនិត្យឃើញបុគ្គលសុំទានម្នាក់នេះ ប្រើល្បិចបំភ័ន្តភ្នែកមហាជនដើម្បីបោកបញ្ឆោតយកលុយទៅទិញថ្នាំញៀនជក់យ៉ាង ដូច្នេះ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកពួកគាត់ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗដល់គាត់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់។
ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ នូវតែផ្តាំផ្ញើជូនដល់បងប្អូនអ្នកធ្វើទានទាំងឡាយ យកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម? ឬគួរតែបង្វែរទាន ដែលតែងផ្តល់ឱ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរសជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិការ មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹងដែលប្រឹងរស់ដោយខ្លួនឯងមិនលើកដៃសុំទាន លោកយាយលោកតា ព្រះសង្ឃក្នុងវត្តអារាម និងសិស្សក្រីក្រ ដែលតស៊ូរៀនសូត្រជាច្រើនទៀត ប្រសើរជាង?…”៕