Monday, October 6, 2025
Homeព័ត៌មានជាតិពេលយប់ចូលដេកធម្មតាសោះ ព្រឹកឡើងរឹងស្តូក

ពេលយប់ចូលដេកធម្មតាសោះ ព្រឹកឡើងរឹងស្តូក

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងរោងស្នាក់នៅរបស់កម្មករ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរោងកម្មករស្នាក់នៅ ស្ថិតក្នុងក្រុមទី១ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះដែលដេកស្លាប់ខាងលើនេះ មានឈ្មោះអ៊ុក កុល អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការ និងស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះនិងកម្មករដទៃទៀត បាននាំគ្នាចូលដេកក្នុងរោងកម្មករស្នាក់នៅដូចធម្មតា ដោយពុំមានផឹកស្រាអ្វីនោះទេ ហើយជនរងគ្រោះក៏មិនបានត្អូញត្អែរថាមិនសូវស្រួលខ្លួន ឬឈឺអ្វីដែរ។ ស្រាប់តែព្រឹកឡើង មិនឃើញជនរងគ្រោះក្រោកពីដំណេក ក៏នាំគ្នាទៅដាស់ ទើបដឹងថាជនរងគ្រោះដេកស្លាប់ទៅហើយ មិនដឹងជាស្លាប់តាំងពីថ្មើរណា។ ភ្លាមៗនោះ មិត្តភក្តិក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់ទីតាំងកើតហេតុតែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ រួមនឹងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ព្រមទាំងលោកវេជ្ជបណ្ឌិតសាលាដំបូងរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំបេះដូងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES