ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ១ ដើម្បីស្វែងរកយុត្តិធម៌ ដោយអះអាងថា ស្ត្រីវ័យក្មេងម្នាក់ដែលជាប្រធានផ្នែកអនាម័យក្នុងបុរីពិភពថ្មី បានវាយដំលើរូបគាត់រហូតជាំស្នាមពេញមុខ ទាំងដែលគាត់កំពុងនៅសុខៗមិនដឹងខ្លួនសោះ។
ករណីស្ត្រីចំណាស់មកដាក់ពាក្យបណ្តឹងរកយុត្តិធម៌នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីចំណាស់រងគ្រោះដែលមកដាក់ពាក្យបណ្តឹង មានឈ្មោះវ៉ែន ប៉ាច អាយុជាង៦០ឆ្នាំ មុខរបរធ្វើការផ្ទះឱ្យគេ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីបង្ក មានឈ្មោះរ៉ុម អាយុ ប្រហែល៣០ឆ្នាំ មុខរបរប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មីវេងស្រេង។
តាមសម្តីស្ត្រីចំណាស់រងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់សព្វថ្ងៃធ្វើការផ្ទះឱ្យគេ ក្រែងបានប្រាក់កាសខ្លះ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន បានត្រឹមតែមួយរស់ប៉ុណ្ណោះ ដោយរូបគាត់ធ្វើការងារអស់រយៈពេលជាយូរណាស់មកហើយ ហើយម្ចាស់ផ្ទះឃើញគាត់ធ្វើការងារល្អ ទើបតែងតែឱ្យសម្ភារៈ និងរបស់របរផ្សេងៗ មកឱ្យគាត់ជាញឹកញាប់។
ស្ត្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែមានស្ត្រីឈ្មោះរ៉ុម ជាប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មី មិនដឹងមូលហេតុអ្វី ស្រាប់តែស្ទុះមកវាយរូបគាត់ដែលជាមនុស្សចាស់ជាច្រើនដៃ ដោយបន្សល់ទុកនូវស្លាកស្នាមនៅលើផ្ទៃមុខជាច្រើនកន្លែង ហើយបានទាញខ្សែករបស់គាត់រហូតដាច់ជ្រុះបាត់បណ្តោង ទើបឈប់ រួចហើយស្ត្រីបង្ករូបនោះក៏ដើរចេញទៅបាត់តែម្តង។
ស្ត្រីរងគ្រោះបានបន្តទៀតថា ជនបង្កប្រហែលជាមានការច្រណែនជាមួយរូបគាត់ ដោយឃើញម្ចាស់ឧស្សាហ៍ឱ្យរបស់របរមកគាត់រហូត ដូច្នេះទើបនៅសុខៗ ក៏ស្ទុះមកវាយគាត់ទាំងកំរោលបែបនេះ។ ជាហេតុធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ក៏សម្រេចធ្វើដំណើរមកប៉ុស្តិ៍រដ្ឋបាលចោមចៅ១ ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនរូបគាត់ផង។
ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីឈ្មោះរ៉ុម ជាប្រធានផ្នែកអនាម័យក្នុងបុរីពិភពថ្មី ដែលទទួលរងការចោទប្រកាន់ពីស្ត្រីចំណាស់ខាងលើ ថាបានវាយដំទៅលើរូបគាត់ដោយមិនដឹងមូលហេតុបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕