Monday, October 6, 2025
Homeព័ត៌មានជាតិយុវជនជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ចងកសម្លាប់ខ្លួន ថតសកម្មភាពទុកទៀត

យុវជនជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ចងកសម្លាប់ខ្លួន ថតសកម្មភាពទុកទៀត

ភ្នំពេញ ៖  យុវជនម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតរបស់ខ្លួន ទាំងក្មេងវ័យ ប៉ុន្តែនៅមុននឹងចងក យុវជនរូបនេះបានយកទូរស័ព្ទដៃថតពីសកម្មភាពដែលខ្លួនចងកសម្លាប់ខ្លួនទុកទៀតផង។

ករណីយុវជនខូចចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះ ហេង វ៉ា អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតម៉ូតូ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនរងគ្រោះខាងលើ បានមកជួលបន្ទប់ស្នាក់នៅ និងធ្វើជាជាងអ៊ុតម៉ូតូ នៅចំណុចកើតហេតុខាងលើ អស់រយៈពេលជាង២ខែមកហើយ ប៉ុន្តែមិនដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តរឿងអ្វីទេ បែរជាសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនបែបនេះទៅវិញ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលអ្នកធ្វើការជាមួយគ្នា មិនឃើញជនរងគ្រោះចេញពីបន្ទប់មកធ្វើការ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកស្លាប់ក្នុងបន្ទប់បាត់ទៅ ហើយធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យ រកឃើញមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះដែលបានថតជាប់ពីសកម្មភាពដែលជនរងគ្រោះរៀបចំចងកសម្លាប់ខ្លួន ពោលគឺ ជនរងគ្រោះបានចុចទូរស័ព្ទថតទុកអំពីសកម្មភាពចងករបស់ខ្លួនតាំងពីដើម រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងដោយយោងលើសកម្មភាពក្នុងវីដេអូដែលបន្សល់ទុកក្នុងទូរស័ព្ទ សមត្ថកិច្ចបានអះអាងថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងផ្តល់ដំណឹងទៅសាច់ញាតិ មកទទួលដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES