ខេត្តកណ្តាល ៖ សង្ឃវ័យក្មេងមួយអង្គ បានទាក់ទងស្គាល់ក្មេងស្រីម្នាក់ នៅអំឡុងពេលរៀនភាសាអង់គ្លេសជាមួយគ្នា រួចក៏យកលេខទូរស័ព្ទខលទាក់ទងប្រលោមស្នេហ៍ លួងលោមហៅមករួមរ័កមេត្រីនឹងគ្នាចំនួន៧លើក និងបានសម្រេចដល់ទៅ៩ដង ដោយសន្យាថានឹងឱ្យចាស់ទុំចូលស្តីពេលនាងពេញវ័យក្រមុំ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវឪពុកម្តាយខាងស្រីដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនសង្ឃកំហូចយកមកចាត់ការតាមច្បាប់។
ព្រះសង្ឃវ័យក្មេងដែលល្បួងក្មេងស្រីរួមភេទខាងលើ ត្រូវបានព្រះចៅអធិការវត្តចាប់ផ្សឹក និងប្រគល់ខ្លួនឱ្យកម្លាំងអាវុធហត្ថ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៩ កុម្ភៈ ២០១៨ នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។
ជនសង្ស័យជាសង្ឃដែលត្រូវចាប់ផ្សឹកប្រគល់ឱ្យសមត្ថកិច្ចនេះ មានឈ្មោះស៊ូ ផា ភេទប្រុស អាយុ២០ឆ្នាំ (ជាសង្ឃ) ស្នាក់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១២ឆ្នាំ មុខរបរជាសិស្ស។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានបញ្ជាក់ប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ ក្មេងស្រីរងគ្រោះបានស្គាល់គ្នាជាមួយនឹងព្រះសង្ឃនាម ស៊ូ ផា (ជនសង្ស័យ) នៅអំឡុងពេលដែលពួកគេរៀនភាសាអង់គ្លេសក្នុងថ្នាក់ជាមួយគ្នា។ បន្ទាប់មកជនសង្ស័យដែលកាលនោះនៅជាសង្ឃនៅឡើយ បានព្យាយាមទាក់ទងជាមួយក្មេងស្រីរងគ្រោះតាមទូរស័ព្ទ រហូតក្លាយជាសេចក្តីស្នេហា និងថែមទាំងបានអន្ទងចិត្តក្មេងស្រីរងគ្រោះថា នៅពេលនាងធំពេញវ័យក្រមុំអាយុគ្រប់១៨ឆ្នាំ គេ (ជនសង្ស័យ) នឹងសឹក មកស្តីដណ្តឹងនាងធ្វើជាប្រពន្ធរៀបការពេញច្បាប់ និងរួមរស់នឹងគ្នាជាប្តីប្រពន្ធតទៅអនាគត។
ប្រភពដដែលបន្តថា ដោយសារតែជឿលង់លើសម្តីលួងលោមរបស់ជនសង្ស័យ ទើបក្មេងស្រីរងគ្រោះបានលង់ខ្លួនព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់ រហូតដល់ទៅ៧លើក នៅក្នុងឃ្លាំងដាក់សម្ភារ និងបានសម្រេចសរុបចំនួន៩ដង។ លុះចុងក្រោយ រឿងរ៉ាវខាងលើបានបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដើម្បីស្វែងរកអន្តរាគមន៍តែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល បានចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ និងស្នើសុំការសហការពីអនុគុណស្រុក រួមនឹងព្រះចៅអធិការវត្តដែលជនសង្ស័យបួសរៀនគង់នៅផងដែរ។ បន្ទាប់មកគណៈកម្មការវត្ត និងការិយាល័យធម្មការ និងសាសនាស្រុក បានចាប់ផ្សឹកជនសង្ស័យ រួចប្រគល់ឱ្យកម្លាំងអាវុធហត្ថ ដើម្បីចាត់ការតាមច្បាប់។
រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យខាងលើត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បនាសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគាររួចរាល់ហើយ៕