ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលស្រុកសំពៅលូនម្នាក់ ត្រូវបានប្រជាពលរដ្ឋអះអាងថា បានផឹកស៊ីស្រវឹង រួចទាញកែវស្រាវាយក្បាលបុរសម្នាក់ បណ្តាលឱ្យរងរបួស និងថែមទាំងដកកាំភ្លើងមកគំរាមបន្ថែមទៀត ធ្វើឱ្យជនរងគ្រោះភ័យពេក ដួលសន្លប់នៅនឹងកន្លែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចតូបលក់ឥវ៉ាន់របស់ឈ្មោះសារិត ស្ថិតក្នុងភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន។
បុរសជាមន្ត្រីនគរបាលដែលទទួលរងការចោទប្រកាន់ មានឈ្មោះមិញ គឿប ហៅរិទ្ឋ ញឹម ជាមន្ត្រីនគរបាលស្រុកសំពៅលូន។ ចំណែកជនរងគ្រោះ មានឈ្មោះវរ អាង មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញជនបង្កជាមន្ត្រីនគរបាលឈ្មោះមិញ គឿប ហៅរិទ្ឋ ញឹម បានគាស់កំប៉ុងស្រាបៀរយកតែរង្វាន់ ហើយទុកស្រាបៀរចោល ឃើញដូច្នេះ រូបគេបាននិយាយទៅកាន់មន្ត្រីនគរបាលរូបនោះថា បងគាស់ស្រាបៀរហើយ មិនផឹកអ៊ីចឹង? ស្រាប់តែធ្វើឱ្យជនបង្កខឹងរករឿងឈ្លោះ រួចទាញកែវស្រាពីតុមកវាយក្បាលរបស់គាត់ បណ្តាលឱ្យបែកហូរឈាមស្រោចពេញខ្លួន។
ចំណែកប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា ក្រោយពីវាយក្បាលជនរងគ្រោះ១កែវស្រាហើយ ជនបង្កនៅបានដកកាំភ្លើងខ្លីពីចង្កេះមកគំរាមទៀតផង ធ្វើឱ្យជនរងគ្រោះភ័យពេកក៏ដួលសន្លប់ បន្ទាប់មកជនបង្កបានគំរាមកំហែងប្រជាពលរដ្ឋថា បើអាណាខ្លាំងចូលមក ធ្វើឱ្យប្រជាពលរដ្ឋនៅទីនោះមានការភ័យខ្លាចយ៉ាងខ្លាំង រត់ចែកផ្លូវគ្នា ចំណែកម្ចាស់តូបមានឈ្មោះសារិត បានរត់ចូលក្នុងផ្ទះរបស់គាត់ ហើយទាញទ្វារបិត ដើម្បីគេចចេញពីកន្លែងជម្លោះ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ បន្ទាប់មកក៏មានសមត្ថកិច្ចស្រុកសំពៅលូន ចុះមកធ្វើការសាកសួរ តែមិនបានធ្វើការឃាត់ខ្លួនជនបង្កជានគរបាលនោះទេ។ បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ អធិការរដ្ឋាននគរបាលស្រុកសំពៅលូន រួចហើយ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ សមត្ថកិច្ចមិនទាន់ចាត់វិធានការនៅឡើយ។
លោកអធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីបែបនេះមែន ទំនងមកពីទឹកប្តូរនិស្ស័យចូលក្នុងខ្លួន។ ហើយករណីនេះកំពុងតែសម្របសម្រួលគ្នា ប៉ុន្តែមិនទាន់ត្រូវគ្នានៅឡើយ។ យ៉ាងណា លោកនឹងដាក់វិន័យតាមកងកម្លាំង។
ជុំវិញរឿងរ៉ាវខាងលើនេះ លោកមិញ គឿប ហៅរិទ្ធ ញឹម ដែលជាមន្ត្រីនគរបាលទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បនាវាយបុរសម្នាក់១កែវស្រា រួចដកកាំភ្លើងភ្ជង់គំរាមទៀតនោះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕