ខេត្តកំពង់ចាម ៖ នារីវ័យក្មេងម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងទៅទិញអីវ៉ាន់នៅផ្សារយកមកលក់ដូរ ស្រាប់តែត្រូវមិត្តភក្តិបបួលដើរលេងដាច់យប់ មិនត្រឡប់មកផ្ទះវិញ ធ្វើឱ្យបុរសជាឪពុកភ័យឆោឡោតាមរកកូនស្រីសព្វកន្លែងមិនឃើញ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិទី១៣ ភូមិព្រែកតានង់ ស្រុកកោះសូទិន។
នារីវ័យក្មេងដែលបាត់ខ្លួន១យប់ ធ្វើឱ្យក្រុមគ្រួសារភ័យស្លន់ស្លោតាមស្វែងរក មានឈ្មោះគាល រស្មី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន បានបាត់ខ្លួនតាំងពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ស្រុកកោះសូទិន បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះកែវ ឌឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ថាមានករណីបាត់មនុស្ស។
ប្រភពដដែលបន្តថា លោកកែវ ឌឿន បានឱ្យដឹងថា កាលពីចន្លោះម៉ោង៦ទៅ៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កូនស្រីរបស់គាត់ ឈ្មោះគាល រស្មី បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ចេញពីផ្ទះ ក្នុងបំណងទៅយកទំនិញនៅផ្សារព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដើម្បីយកមកលក់ដូរ។ នៅពេលទៅដល់ផ្ទះឈ្មោះចែញ៉ កូនស្រីរបស់គាត់បានប្រាប់ឱ្យចែញ៉ រៀបទំនិញអីវ៉ាន់ចាប់ហួយឱ្យ ហើយប្រាប់ចែញ៉ថា នាងទៅផ្សារមួយភ្លែត តែក្រោយមក នាងមិនបានទៅយកទំនិញវិញនោះទេ។ លុះដល់វេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃដដែល កូនស្រីរបស់គាត់បានទូរស័ព្ទមកប្រាប់ប្អូនរបស់នាងថា នាងទៅទិញហូលនៅកំពង់ចាម សិន ពេលនោះប្អូនសួរថា ទៅជាមួយអ្នកណា? នាងក៏ឆ្លើយថា ទៅជាមួយអ្នកនៅក្បែរផ្ទះចែញ៉ ហើយប្រាប់ថា ជិតដល់ផ្ទះហើយ ក្រោយមកទូរសព្ទ័មិនចូលរហូត។
លោកកែវ ឌឿន បានបញ្ជាក់ថា ដោយសារតែមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ ទើបគាត់និងក្រុមគ្រួសារ បានចែកផ្លូវគ្នាតាមរកកូនស្រីសព្វកន្លែង តែមិនទទួលបានដំណឹងអ្វីបន្តិចសោះ ទើបនៅវេលាម៉ោង៧និង៥០នាទីយប់ លោកក៏សម្រេចទូរស័ព្ទប្តឹងរាយការណ៍ទៅ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ដើម្បីឱ្យជួយអន្តរាគមន៍តាមស្វែងរកកូនស្រីតែម្តង។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ទើបដឹងថា នាងគាល រស្មី បានទៅដើរលេងជាមួយមិត្តភក្តិរបស់នាង តែនៅតាមផ្លូវទូរស័ព្ទគ្មានសេវា ទើបទាក់ទងប្រាប់ក្រុមគ្រួសារមិនបាន។
យ៉ាងណា មកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានជួយស្វែងរកនាងគាល រស្មី ត្រទ្បប់មកផ្ទះវិញ ដោយសុវត្ថិភាពហើយ៕