ភ្នំពេញ ៖ បុរសជាប្តីម្នាក់ត្រូវបានស្ត្រីជាប្រពន្ធអះអាងថា ជាមនុស្សប្រើប្រាស់ថ្នាំញៀន និងចូលចិត្តប្រើអំពើហិង្សាដាក់ប្រពន្ធកូនស្ទើររាល់ថ្ងៃ លុះក្រោយពីប្រើប្រពន្ធឱ្យទៅខ្ចីលុយគេយកទៅលស់ម៉ូតូកញ្ចាស់ដែលដាក់បញ្ចាំមិនបាន ក៏ច្រឡោតខឹង ស្ទុះទៅវ៉ៃប្រពន្ធយ៉ាងដំណំ រួចយកដៃរុកភ្នែកប្រពន្ធ បណ្តាលឱ្យរងរបួស ធ្វើឱ្យប្រពន្ធទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ករណីប្តីប្រើហិង្សាវ៉ៃយកដៃរុកភ្នែកប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៧០ ផ្ទះលេខ០៥0S ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនបង្កហេតុជាប្តីដែលបង្កហិង្សាដាក់ប្រពន្ធ រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះគ្រៀល វារៈ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះនូ សុខជា អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ជាមួយគ្នា។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ជីវិតគ្រួសារនាងមានសុភមង្គលតិចតួចណាស់ តែបើរឿងរកាំរកូសឈ្លោះប្រកែកគ្នាវិញ កើតមានរាប់មិនអស់សឹងរាល់ថ្ងៃ ព្រោះតែប្តីជាមនុស្សប្រមឹក មានចិត្តកោងកាច និងឆេវឆាវខ្លាំងណាស់ ឱ្យតែស្រវឹង តែងរករឿងឈ្លោះប្រកែកវាយដំនាងជាប្រពន្ធមិនស្វាង ហើយមួយរយៈចុងក្រោយនេះ ប្តីរបស់នាងបានធ្លាក់ខ្លួនប្រើប្រាស់ថ្នាំញៀន និងបង្កបញ្ហាក្នុងគ្រួសារមិនចេះចប់មិនចេះហើយសោះ។
ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា កាលពីប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុ ប្តីរបស់នាងបានយកម៉ូតូកញ្ចាស់១គ្រឿង ដែលជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ និងជាមធ្យោបាយសម្រាប់ប្តីខ្លួនឯងរត់ម៉ូតូឌុប យកទៅដាក់បញ្ចាំបាត់ និងមិនដឹងជាយកលុយទៅចាយវាយអ្វីខ្លះអស់គ្មានសល់ ធ្វើឱ្យដាច់ជើងចេញរកស៊ីអ្វីក៏មិនកើត។ លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប្តីរបស់នាងបានប្រើឱ្យនាងជាប្រពន្ធទៅខ្ចីលុយគេ ដើម្បីលស់ម៉ូតូកញ្ចាស់នោះយកមកវិញ តែនាងដើរខ្ចីលុយគេមិនបាន ណាមួយពេលខ្ចីបានយកមកឱ្យប្តី មិនដឹងប្តីយកលុយទៅលស់ម៉ូតូមែន ឬក៏យកទៅដើរចាយវាយជក់ថ្នាំទៀតអស់ ទើបនាងប្រាប់ប្តីថា រកលុយមិនបានទេ ស្រាប់តែប្តីកំណាចរបស់នាង បែរជាផ្ទុះកំហឹង ស្ទុះមកវាយដំនាងទាំងកំរោល បណ្តាលឱ្យរងរបួសយ៉ាងដំណំ បន្ទាប់មកដោយមិនទាន់រំសាយកំហឹងអស់ ស្រាប់តែប្តីកំណាចរូបនេះ បានយកម្រាមដៃខាងស្តាំ ចំនួន២ មកចាក់ភ្នែករបស់នាង សំណាងល្អមិនខ្វាក់ គ្រាន់តែរបួស។
ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីតទៅទៀតលែងបាន ទើបស្ត្រីរងគ្រោះជាប្រពន្ធសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តីខាងលើ នាំមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលទួលសង្កែទី១។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕