Monday, October 6, 2025
Homeព័ត៌មានជាតិឪពុកម្តាយចោទប្រកាន់គ្រូពេទ្យបង្អែកខេត្តរតនគិរី ចាក់ថ្នាំខុស ប្រកាច់ស្លាប់កូនអាយុ១ខួប

ឪពុកម្តាយចោទប្រកាន់គ្រូពេទ្យបង្អែកខេត្តរតនគិរី ចាក់ថ្នាំខុស ប្រកាច់ស្លាប់កូនអាយុ១ខួប

ខេត្តរតនគិរី ៖ ក្មេងប្រុសអាយុ១ខួបម្នាក់ ត្រូវបានឪពុកម្តាយអះអាងថា បានកើតអាការៈរាក និងត្រូវបានពួកគាត់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីឱ្យក្រុមគ្រូពេទ្យជួយព្យាបាល លុះក្រោយពីសម្រាកព្យាបាលបាន៤ថ្ងៃ ក៏ត្រូវគ្រូពេទ្យប្រើថ្នាំខុសបច្ចេកទេស បណ្តាលឱ្យក្មេងប្រុសរងគ្រោះប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យឪពុកម្តាយក្មេងប្រុសរងគ្រោះកើតទុក្ខមិនសុខចិត្ត ចោទប្រកាន់ថា គ្រូពេទ្យបានព្យាបាលកូនប្រុសបណ្តាលឱ្យស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ និងត្រូវឪពុកម្តាយអះអាងថា បណ្តាលមកពីកំហុសរបស់គ្រូពេទ្យ មានឈ្មោះ ហេង លីហួ ទើបនឹងមានអាយុ១ខួប មានឪពុកឈ្មោះហេង រស្មី ម្តាយឈ្មោះទិត្យ ស្រីលាភ មានលំនៅក្នុងភូមិយោល ឃុំអូរជុំ ស្រុកអូរជុំ។

តាមសម្តីឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងខឹងសម្បាថា កូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) បានកើតមានអាការរាគ តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបពួកគាត់ប្រញាប់នាំយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយសរុបមកដល់ថ្ងៃកើតហេតុ កូនប្រុសគាត់សម្រាកពេទ្យបាន៤ថ្ងៃហើយ។ នៅពេលគាត់នាំកូនប្រុសមកដល់មន្ទីរពេទ្យថ្ងៃទី១ ខាងពេទ្យបានបញ្ជូនកូនរបស់គាត់ឱ្យទៅសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់ ព្រោះប្រាប់ថាមានសភាពធ្ងន់ធ្ងរ និងត្រូវដេកបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេល៣ថ្ងៃ។ លុះថ្ងៃទី៣ ដោយឃើញថាសភាពកូនប្រុសរបស់គាត់ធូរស្រាលច្រើន និងបាត់រាកទៅហើយ ទើបគ្រូពេទ្យបានបញ្ជូនកូនប្រុសគាត់ចេញពីសាលសង្គ្រោះបន្ទាន់ ឱ្យចូលទៅសម្រាកនៅបន្ទប់ព្យាបាលធម្មតា ស្ថិតនៅផ្នែកខាងក្រោយវិញម្តង។

ឪពុកម្តាយក្មេងប្រុសរងគ្រោះ បន្តថា ស្រាប់តែមកដល់ថ្ងៃកើតហេតុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ មានបុគ្គលិកពេទ្យស្រីម្នាក់បានយកថ្នាំមកចាក់ រួចឱ្យលេបថ្នាំចំនួន២កំណាត់ បន្ទាប់មកក៏ដាក់សេរ៉ូម១ប្លោក លុះ២០នាទីក្រោយមក កូនប្រុសរបស់គាត់ក៏ចាប់ផ្តើមកើតមានអាការៈប្រកាច់ និងដកចង្កាមាន់ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយមានការភ័យស្លន់ស្លោរត់ទៅហៅមន្ត្រីពេទ្យខាងលើឱ្យជួយសង្គ្រោះ តែពេទ្យមិនបានមកភ្លាមៗនោះទេ ទុករយៈពេល៣០នាទីក្រោយ ទើបលេចមុខពេទ្យស្រីចំនួន២នាក់មកដល់ តែអកុសល កូនប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ពេលនោះ គាត់ជាម្តាយក្មេងប្រុសរងគ្រោះបានសួរទៅមន្ត្រីពេទ្យខាងលើថា យកថ្នាំមកធ្វើអីទៀត បើកូនគាត់ស្លាប់បាត់ទៅហើយ? ហើយថ្នាំនេះជាប្រភេទថ្នាំអ្វី? ពេទ្យក៏ឆ្លើយថា ជាថ្នាំបន្សាបការប្រតិកម្មថ្នាំ។

ឪពុកម្តាយក្មេងប្រុសរងគ្រោះ បានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធគាត់មានអារម្មណ៍ថា ខឹងនឹងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តខ្លាំងណាស់ ដោយសារតែពួកគាត់នោះមានការធ្វេសប្រហែស និងគ្មានជំនាញច្បាស់លាស់ សង្ស័យតែពេទ្យដែលចុះមកចាក់ថ្នាំឱ្យកូនប្រុសគាត់នោះ គឺជាពេទ្យស្តារផង ក៏មិនដឹង។ ជាមួយនេះ ពួកគាត់ជាឪពុកម្តាយ ក៏សូមសំណូមពរដល់ក្រសួងសុខាភិបាល មេត្តាជួយធ្វើការណែនាំដល់មន្ត្រីពេទ្យ ដែលគ្មានជំនាញ សុំឱ្យទៅរៀនឱ្យមានជំនាញច្បាស់លាស់ ទើបមកព្យាបាលជំងឺឱ្យប្រជាពលរដ្ឋតាមបណ្តាលខេត្ត និងសុំឱ្យមានការស៊ើបអង្កេត និងតាមដានលើករណីដែលកូនគាត់ស្លាប់ ដោយសារពេទ្យគ្មានជំនាញច្បាស់លាសនេះផង ។

ជុំវិញករណីខាងលើនេះ លោកហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ក្មេងប្រុសរងគ្រោះនោះ ពេលឪពុកម្តាយយកមកព្យាបាលនៅមន្ទីរពេទ្យមានជំងឺធ្ងន់ធ្ងរពេកទៅហើយ៕

RELATED ARTICLES