Monday, October 6, 2025
Homeព័ត៌មានជាតិបាញ់១គ្រាប់ផូង ខឹងគេគប់ដបស្រាចំក្បាល ពេលកំពុងផឹកសុីជាមួយស្រីស្នេហ៍

បាញ់១គ្រាប់ផូង ខឹងគេគប់ដបស្រាចំក្បាល ពេលកំពុងផឹកសុីជាមួយស្រីស្នេហ៍

ភ្នំពេញ ៖ បុរសម្នាក់អង្គុយផឹកស៊ីជាមួយស្រីស្នេហ៍ និងមិត្តភក្តិស្រី២នាក់ទៀត ស្រាប់តែមានអ្នកគប់ដបស្រាបៀរចំក្បាល ក៏ដកកាំភ្លើងបាញ់១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខចំណុចមុខបន្ទប់ជួលលេខ៤ ខាងមុខភោជនីយដ្ឋានម៉ែក្មេក ស្ថិតតាមបណ្តោយផ្លូវលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បុរសដែលបាញ់បោះសេរី ត្រូវបានគេស្គាល់ឈ្មោះទ្រី ហៅតាប៉ោង អាយុជាង៤០ឆ្នាំ ជាមន្ត្រីនគរបាល។ ចំណែកស្ត្រីជាស្រីស្នេហ៍ដែលអង្គុយផឹកជាមួយ មានឈ្មោះយ៉ុន ស៊ីម អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាស្រីស្នេហ៍បុរសជាខ្មាន់កាំភ្លើង បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នាងបានអង្គុយផឹកស៊ីជាមួយប្រុសស្នេហ៍ជាជនបង្ក រួមជាមួយមិត្តភក្តិស្រី២នាក់ទៀត សរុបទាំងអស់មានគ្នា៤នាក់ លុះពេលផឹកស៊ីដល់វេលាម៉ោងកើតហេតុខាងលើ មានអ្នកជួលបន្ទប់នៅខាងលើ បានគប់ដបស្រាចំក្បាលជនបង្ក ជាហេតុធ្វើឱ្យជនបង្កខឹងក៏ឡើងទៅសួរនាំ និងធាក់ទ្វារបន្ទប់ ធ្វើឱ្យប៉ះសម្តគ្នាមួយប៉្រាវ ទើបធ្វើឱ្យជនបង្កខឹងពេក ក៏ដកកាំភ្លើងបាញ់១គ្រាប់ឡើងទៅលើ រួចបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំស្ត្រីដែលជាស្រីស្នេហ៍របស់ជនបាញ់បោះសេរី ទៅកាន់ប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីសួរនាំរកជនបង្ក ហើយស្ត្រីជាស្រីស្នេហ៍រូបនោះបានប្រាប់ថា ជនបង្កឈ្មោះទ្រី ហៅតាប៉ោង ។ បន្ទាប់ពីសួរនាំចប់ហើយ សមត្ថកិច្ចក៏បានដោះលែងស្ត្រីរូបនោះឱ្យត្រឡប់ទៅផ្ទះវិញ។/

RELATED ARTICLES