Monday, October 6, 2025
Homeព័ត៌មានជាតិលង់ខ្លួនមានកូនជាមួយប្រុស សុំលុយ១០មុឺនរៀល រំលូតកូនមិនបាន ចងកលើដើមឈើ

លង់ខ្លួនមានកូនជាមួយប្រុស សុំលុយ១០មុឺនរៀល រំលូតកូនមិនបាន ចងកលើដើមឈើ

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់បានទាក់ទងស្នេហាជាមួយនឹងយុវជនម្នាក់ រហូតដល់លង់ខ្លួនមានផ្ទៃពោះ លុះខ្លាចឪពុកម្តាយដឹងរឿង ស្តីបន្ទោសផង ណាមួយខ្លាចខ្មាសគេឯងផង ក៏សុំលុយពីប្រុសស្នេហ៍ដើម្បីយកទៅរំលូតកូនចោល តែដោយប្រុសស្នេហ៍មិនមានលុយឱ្យ ទើបធ្វើឱ្យនារីរងគ្រោះឈឺចិត្តស្អិតទ្រូង ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន រហូតដល់សពហើមស្អុយរលួយ ទើបមានអ្នកប្រទះឃើញ បង្កឱ្យមានការផ្អើលឆោឡោឡើងតែម្តង។

ករណីនារីវ័យក្មេងជួបវិបត្តិស្នេហ៍ដោះស្រាយមិនចេញ បែរជាបែកគំនិតចងកសម្លាប់ខ្លួន រហូតដល់សពហើមស្អុយទើបមានគេដឹងនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្ទះរបស់នារីរងគ្រោះ ចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់។

នារីវ័យក្មេងគំនិតខ្លី ដែលចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះឡេង ឈន អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះបានបាត់ខ្លួនចេញពីផ្ទះតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ មកម៉្លេះ មិនដឹងជាទៅទីណា ហើយភ្លាមៗនោះ ក្រុមគ្រួសារបាននាំគ្នាដើរតាមស្វែងរកគ្រប់ច្រកល្ហកដែរ តែមិនមានដំណឹងអ្វីទាល់តែសោះ។ រហូតមកដល់ថ្ងៃកើតហេតុខាងលើ ដោយធុំក្លិនស្អុយយ៉ាងចម្លែកភាយចេញពីព្រៃខាងក្រោយផ្ទះ ទើបសាច់ញាតិ បងប្អូននឹកឆ្ងល់ ក៏នាំគ្នាដើររកមើលតាមក្លិន ស្រាប់តែទៅដល់ខាងក្រោយផ្ទះប្រមាណ៣០០ម៉ែត្រ ក៏ប្រទះឃើញសាកសពនារីរងគ្រោះចងកស្លាប់នៅលើដើមកំប៉េះ ទាំងមានសភាពហើមស្អុយរលួយទៅហើយ ទើបកើតមានការផ្អើលឆោឡោឡើងថា នារីរងគ្រោះបានចងកសម្លាប់ខ្លួន។

តាមប្រភពពីមិត្តភក្តិនារីរងគ្រោះ បានបង្ហើបប្រាប់ថា នារីរងគ្រោះបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ រហូតជ្រុលខ្លួនមានផ្ទៃពោះ។ នៅពេលដឹងថា ខ្លួនមានផ្ទៃពោះ នារីរងគ្រោះមិនចង់ទុកកូនក្នុងផ្ទៃនោះទេ ព្រោះខ្លាចឪពុកម្តាយដឹងស្តីបន្ទោស ណាមួយខ្លាចបែកធ្លាយរឿងរ៉ាវដឹងដល់គេឯង នាំឱ្យខ្មាសគេ ទើបនារីរងគ្រោះបានទៅសុំលុយប្រុសស្នេហ៍របស់នាង ចំនួន១០ម៉ឺនរៀល បំណងយកទៅរំលូតកូនក្នុងផ្ទៃចេញ ប៉ុន្តែទំនងជាប្រុសស្នេហ៍របស់នារីរងគ្រោះមិនមានលុយឱ្យ ទើបធ្វើឱ្យនារីរងគ្រោះដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួនតែម្តង។

ដោយឡែកតាមប្រភពពីសាច់ញាតិរបស់នារីរងគ្រោះ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញនារីរងគ្រោះចេះតែមានអាការៈក្អូតចង្អោរ និងមានទឹកមុខស្លេកស្លាំងខុសពីធម្មតា ហើយមិនសូវនិយាយស្តីអ្វីទាំងអស់ជាមួយបងប្អូនក្នុងផ្ទះ ចំណែកក្រុមគ្រួសារ ក៏មិនបានចាប់អារម្មណ៍សួរនាំអ្វីដែរ លុះប៉ុន្មានថ្ងៃក្រោយក៏បាត់ខ្លួននារីរងគ្រោះមិនដឹងដើរទៅណា រហូតដល់៣ថ្ងៃក្រោយមក ក៏ប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងដើមកំប៉េះ។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES