Monday, October 6, 2025
Homeព័ត៌មានជាតិមិនជួយការងារ គិតតែអង្គុយផឹកស្រា ប្រពន្ធជេរបញ្ចោរ ប្តីផ្ទុះកំហឹងយកដំបងសំពងដួលដី រួចអារកសម្លាប់

មិនជួយការងារ គិតតែអង្គុយផឹកស្រា ប្រពន្ធជេរបញ្ចោរ ប្តីផ្ទុះកំហឹងយកដំបងសំពងដួលដី រួចអារកសម្លាប់

ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាចេញទៅដកដំឡូងនៅក្នុងចម្ការ លុះទៅដល់បុរសជាប្តីមិនជួយធ្វើការ បែរជាអង្គុយផឹកស្រា រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ត្រូវប្រពន្ធស្តីបន្ទោស និងជេរបញ្ចោមួយប៉្រាវ ធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹងទាញដំបងស្ទុះទៅវាយប្រពន្ធ៣ដំបង បណ្តាលឱ្យដួលស្តូក រួចក៏ទាញកាំបិតចាប់ប្រពន្ធអារកបន្ថែម បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគ។

ករណីឃាតកម្មដ៏ឃោរឃៅ ប្តីសំពងប្រពន្ធ៣ដំបង រួចចាប់អារកសម្លាប់ប្រពន្ធក្នុងថ្លុកឈាមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចចម្ការដំឡូងក្នុងព្រៃ ចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

ជនដៃដល់ជាឃាតករដែលចាប់ប្រពន្ធអារកសម្លាប់យ៉ាងព្រៃផ្សៃនេះ មានឈ្មោះលាវ សាមី អាយុ៤៦ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស៊ីន ឆេន អាយុ៤៣ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់ (ប្រុស៣ ស្រី២)។ ក្រុមគ្រួសារខាងលើនេះ មានលំនៅកក្នុងភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់ជាប្តី បាននាំគ្នាចេញទៅដកដំឡូងតែ២នាក់ប្តីប្រពន្ធ នៅចំណុចចម្ការដំឡូង ទីតាំងកើតហេតុខាងលើ។ លុះពេលទៅដល់បុរសជាប្តីបែរជាមិនព្រមជួយធ្វើការងារប្រពន្ធនោះទេ ដោយឱ្យប្រពន្ធដកដំឡូងតែម្នាក់ឯង ចំណែកបុរសជាប្តីបែរជាអង្គុយផឹកស្រាតែម្នាក់ឯងធ្វើព្រងើយ រហូតដល់ផឹកស្រវឹងជោកជាំ ធ្វើការលែងកើត ទើបធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធខឹង ក៏ស្តីបន្ទោស កើតជាជម្លោះរហូតឈានដល់ការប្រើហិង្សា ដោយបុរសជាប្តីបានវាយសំពងប្រពន្ធនឹងដំបង រួចក៏យកកាំបិតចាប់ប្រពន្ធអារកសម្លាប់ខ្លួន ដោយគ្មានធម៌មេត្តាបន្តិចសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងឈានដល់ការចាប់ឃាត់ខ្លួនបុរសជាប្តី នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករដៃឆៅ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធរបស់ខ្លួនបាននាំគ្នាចេញទៅដកដំឡូង លុះឆ្លៀតពេលធ្វើការហត់នឿយ ខ្លួនក៏បានឈប់សម្រាកបន្តិច និងបានអង្គុយផឹកស្រារហូតដល់ស្រវឹងធ្វើការលែងកើត ស្រាប់តែប្រពន្ធបានស្តីបន្ទោស និងជេរប្រមាថរូបគេជាប្តីយ៉ាងខ្លាំង ទើបខ្លួនទ្រាំមិនបាន ក៏ជេរគ្នាទៅវិញទៅមក រហូតដល់រូបគេទប់កំហឹងមិនជាប់ ទាញដំបងឈើវាយក្បាលប្រពន្ធពីក្រោយចំនួន៣ដំបង បណ្តាលឱ្យប្រពន្ធដេកដួលលើដី។ បន្ទាប់មកខ្លួនក៏បានស្ទុះទៅយកកាំបិតខ្វែវមកចាប់អារកប្រពន្ធបន្ថែម បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។

ជនសង្ស័យបន្តថា មូលហេតុដែលផ្តើមឱ្យមានអំពើឃាតកម្មនេះ គឺគ្មានរឿងអ្វីធំដុំទេ គឺមកពីខ្លួនផឹកស្រាស្រវឹងខ្លាំងពេក លុះខឹងប្រពន្ធជេរបញ្ចោរ ក៏ជ្រុលដៃវ៉ៃ និងអារកប្រពន្ធរហូតដល់ស្លាប់បែបនេះទៅ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES