ភ្នំពេញ ៖ យុវជនម្នាក់បានរំអុកម្តាយរបស់ខ្លួនឱ្យចូលស្តីដណ្តឹងកូនក្រមុំគេម្នាក់ មកធ្វើជាប្រពន្ធ តែម្តាយមើលឃើញថាកូនប្រុសមិនទាន់មានការងារជាប់លាប់ត្រឹមត្រូវ អាចមានលទ្ធភាពចិញ្ចឹមកូនស្រីគេរស់ ណាមួយកូនស្រីគេមិនទាន់គ្រប់អាយុរៀបការផង ក៏ប្រាប់ឱ្យកូនប្រុសទ្រាំចាំបន្តិចសិន បែរជាកូនប្រុសខូចចិត្ត ដើរផឹកស៊ីស្រវឹង រួចក៏សរសេរលិខិតបណ្តាំមួយសន្លឹកទុកឱ្យម្តាយ រួចដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក។
ករណីកូនប្រុសចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងរឿងម្តាយមិនព្រមទៅដណ្តឹងប្រពន្ធឱ្យខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹក ក្នុងបរិវេណឃ្លាំងដាក់គ្រឿងចក្របុកគ្រឹះរបស់ក្រុមហ៊ុន អ៊ី ស៊ី អឹម តាមផ្លូវបណ្តោយជាតិលេខ៣ ក្បែរក្លោងទ្វារវត្តអង្គត្រគៀត ស្ថិតក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
យុវជនខូចចិត្តម៉ែមិនព្រមដណ្តឹងប្រពន្ធឱ្យ បែរជាគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះឡុង ស៊ីម អាយុ១៨ឆ្នាំ មុខរបរកម្មករយាមឃ្លាំង ធ្វើការនិងស្នាក់នៅទីតាំងកើតហេតុខាងលើអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ និងមានស្រុកកំណើតនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះជាកូនច្បងក្នុងចំណោមបងប្អូនប្រុស២នាក់ និងមានម្តាយជាស្ត្រីមេម៉ាយឈ្មោះឡុង សារឹម អាយុ៤៥ឆ្នាំ។
តាមប្រភពពីកម្មករប្រចាំនៅកន្លែងកើតហេតុ ដែលធ្វើការជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ចុងក្រោយនេះ គេឃើញជនរងគ្រោះតែងដើរផឹកស៊ីស្រវឹងសឹងរាល់ថ្ងៃ និងមិនសូវមាត់កអ្វីទាំងអស់ ហើយអ្វីដែលកាន់តែចម្លែកនោះ ជនរងគ្រោះចេះតែពោលពាក្យថាចង់ស្លាប់ជាប់មាត់មិនឈប់ តែចំពោះមូលហេតុយ៉ាងណានោះ គេមិនបានទម្លាយប្រាប់ឱ្យដឹងឡើយ។ លុះមកដល់រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានក្មេងប្រុសជាកូនរបស់កម្មករស្នាក់នៅជាមួយគ្នាម្នាក់ បានដើររកពឹងឱ្យជនរងគ្រោះឌុបជូនទៅសាលារៀន តែរកជនរងគ្រោះមិនឃើញសោះ ហើយទោះជាស្រែកហៅក៏មិនឮមាត់ឆ្លើយតបដែរ លុះពេលដើរទៅរកនៅក្នុងបន្ទប់ទឹក ទីតាំងកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះចងនឹងខ្សែលួស ជាប់ធ្នឹមដែក ក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ទើបនាំគ្នាឆោឡោ ទូរស័ព្ទប្រាប់សមត្ថកិច្ច សាច់ញាតិឱ្យមកមើល។
តាមសម្តីស្ត្រីឈ្មោះលន សាឡឹង អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ត្រូវជាបងស្រីជីដូនមួយរបស់ជនរងគ្រោះ បានឱ្យដឹងថា តាមអ្វីដែលគាត់បានដឹង រយៈពេល៤ថ្ងៃជាប់ៗគ្នាមកហើយ ដែលជនរងគ្រោះរំអុកតឿនម្តាយឱ្យចូលស្តីដណ្តឹងកូនស្រីគេម្នាក់ ដែលទើបនឹងមានអាយុ១៥ឆ្នាំ រស់នៅក្នុងស្រុកភូមិជាមួយគ្នាឯស្រុកសន្ទុក ហើយកូនស្រីគេនោះទៀតសោត ក៏នៅកំពុងរៀនសូត្រនៅឡើយ។ ដោយសារតែកូនស្រីនោះនៅក្មេងមិនទាន់គ្រប់ការ និងកំពុងនៅរៀនទៀត ទើបម្តាយរបស់ជនរងគ្រោះ បានប្រាប់ថា ឱ្យគាត់ចូលស្តីដណ្តឹងប្រពន្ធយ៉ាងម៉េច បើកូនស្រីអាយុមិនទាន់គ្រប់ការ ហើយនៅរៀនសូត្របែបនឹង ហេតុនេះត្រូវរង់ចាំសិនទៅ អ្វីដែលសំខាន់ត្រូវខិតខំធ្វើការងារសន្សំលុយកាក់ទៅ មិនខ្លាចអត់ប្រពន្ធទេ។ ស្រាប់តែចុងក្រោយ ដោយសារតែចិត្តស្រលាញ់ងប់ងុលខ្លាំងពេក លុះឮសម្តីម្តាយបែបនេះ ទំនងជាខកបំណង ទើបជនរងគ្រោះបែរជាខូចចិត្តដើរផឹកស៊ី រហូតដល់បែកគំនិតិគិតខ្លីចងកសម្លាប់ខ្លួន ដោយបានទាំងសរសេរបណ្តាំទុកឱ្យក្រុមគ្រួសារមើលទៀត។
លិខិតបណ្តាំរបស់ជនរងគ្រោះ មានខ្លឹមសារទាំងស្រុងថា “ជាដំបូងខ្ញុំសុំទោសអ្នកម៉ែ ដែលកូនធ្វើឱ្យអ្នកម៉ែពិបាកចិត្ត្តគ្រាកន្លងមក កូនមិនចង់ធ្វើចឹងទេ តែកូនពិបាកនឹងទ្រាំនូវជីវិត កូនវាចេះតែធ្វើឱ្យចឹង កូនរញ៉េរញ៉ៃ កូនសំណាងណាស់ដែលបានកើតជាកូនម៉ែ ទោះគ្រួសារយើងមិនសូវធូរធារដូចគេ ក៏ម៉ែបានផ្តល់ឱ្យកូននូវរបស់ដែលកូនចង់បាន កូនលាហើយ បើមានជាតិក្រោយ បើមានមែន កូនសុំធ្វើជាកូនម៉ែទៀត។ ពីកូនអកតញ្ញូ កូនសុំទោស…”។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។ ចំណែកក្រុមគ្រួសារជនរងគ្រោះ ក៏មិនបានប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពង់ធំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕