Monday, October 6, 2025
Homeព័ត៌មានជាតិប្រពន្ធស្តីបន្ទោស មិននិយាយរក ប្តីតាមអង្វរមិនស្តាប់ ចងកសម្លាប់ខ្លួន

ប្រពន្ធស្តីបន្ទោស មិននិយាយរក ប្តីតាមអង្វរមិនស្តាប់ ចងកសម្លាប់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានជួបជុំមិត្តភក្តិផឹកស៊ីក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ស្រាប់តែប្រពន្ធខឹងក៏ស្តីបន្ទោស និងថែមទាំងតមមាត់មិននិយាយរកប្តីទៀតផង លុះប្តីតាមអង្វរសុំទោសប្រពន្ធដែរ តែប្រពន្ធនៅតែប្រកាន់ខឹង មិនព្រមនិយាយរកទៀត ទើបធ្វើឱ្យបុរសជាប្តីតូចចិត្តតូចថ្លើម ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង។

បុរសគំនិំតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះយ៉ម សុខឿន ហៅណាង អាយុ២៥ឆ្នាំ មុខរបរអ្នកហៅម៉ូយរថយន្តនៅស្រុកអន្លង់វែង មានប្រពន្ធឈ្មោះសត ស៊ីណា អាយុ២៧ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ១ខួបកន្លះ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះនិងប្រពន្ធ ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមក មិនដែលកើតមានជម្លោះទាស់ទែងអ្វីគួរឱ្យកត់សម្គាល់នោះទេ ទើបតែមកដល់ថ្ងៃសែនចូលឆ្នាំចិន ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភក្តិ ស្រាប់តែប្រពន្ធខឹងក៏ស្តីបន្ទោសប្តី និងថែមទាំងតមមាត់តមកមិននិយាយរកប្តីទៀតផង។ ចំណែកបុរសរងគ្រោះជាប្តី ដោយដឹងកំហុស ក៏បានតាមទៅសុំទោស និងអង្វរលួងលោមប្រពន្ធដែរ តែប្រពន្ធនៅតែប្រកាន់ចិត្តខឹងមិនបាត់ និងមិនព្រមនិយាយស្តីរកប្តីវិញសោះ ជាហេតុធ្វើឱ្យបុរសជាប្តីតូចចិត្ត ក៏រត់ទៅក្រោយផ្ទះចងកសម្លាប់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីបាត់ប្តីយូរពេក មិនឃើញមកហូបបាយល្ងាច ទើបស្ត្រីជាប្រពន្ធបានចេញដើរតាមរកប្តី តែរកមិនឃើញសោះ លុះដើរទៅមើលនៅខាងក្រោយផ្ទះ ក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅលើដើមឈើស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែគោចងកជាប់នឹងមែកឈើខាងក្រោយផ្ទះប្រមាណជា៥០ម៉ែត្រ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES