Monday, October 6, 2025
Homeព័ត៌មានជាតិលោតសម្លាប់ខ្លួនម្តងហើយម្តងទៀត តូចចិត្តពេលធ្លាក់ខ្លួនឈឺ ប្រពន្ធមិនមកមើលថែ

លោតសម្លាប់ខ្លួនម្តងហើយម្តងទៀត តូចចិត្តពេលធ្លាក់ខ្លួនឈឺ ប្រពន្ធមិនមកមើលថែ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ព្រោះតែចង់ឱ្យប្រពន្ធកូនរស់នៅបានសុខស្រួល ក៏ធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ លុះត្រឡប់មកវិញ ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ស្រាប់តែប្រពន្ធហាក់មិនសូវអើពើជួយមើលថែប្តីសោះ ជាហេតុធ្វើឱ្យបុរសជាប្តីតូចចិត្ត ក៏ប៉ុនប៉ងចងកសម្លាប់ខ្លួនម្តងហើយ តែត្រូវសាច់ញាតិឃើញទាន់ជួយដឹកទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ស្រាប់តែបុរសរងគ្រោះបានឡើងទៅលើអគារមន្ទីរពេទ្យ លោតទម្លាក់ខ្លួនចុះដីប៉ងសម្លាប់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចអគារសម្រាកព្យាបាល ក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បុរសដែលលោតសម្លាប់ខ្លួនពីលើអគារមន្ទីរពេទ្យ មានឈ្មោះចន នី អាយុ៣៧ឆ្នាំ មានប្រពន្ធ និងកូនប្រុសម្នាក់អាយុ៧ឆ្នាំ សព្វថ្ងៃមានលំនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមសម្តីស្ត្រីចំណាស់ឈ្មោះចាន់ ស្រីនី អាយុ៦០ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនរបស់គាត់លោតទម្លាក់ខ្លួនពីលើអគារសម្រាកព្យាបាលខាងលើនោះ មូលហេតុបណ្តាលមកពីជំងឺប្រចាំកាយ ព្រមទាំងខឹងភរិយាមិនបានមកថែរក្សា ពេលដែលគេសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ម្តាយជនរងគ្រោះបញ្ជាក់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) មានប្រពន្ធ និងមានកូនប្រុសម្នាក់អាយុ៧ឆ្នាំ ហើយកន្លងមក ដោយចង់ឱ្យប្រពន្ធកូនរស់នៅសុខស្រួល ទើបកូនប្រុសគាត់បានចេញទៅធ្វើការនៅប្រទេសថៃ ហើយទើបវិលត្រឡប់មកបានប្រហែលជាង១ខែមុននេះ ប៉ុណ្ណោះ។ ពេលត្រឡប់មកដល់ស្រុកវិញ កូនប្រុសគាត់នេះ ស្រាប់តែមានជំងឺសរសៃប្រសាទ និងផ្ទុកមេរោគផង។ រហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ កូនប្រុសនេះបានចូលទៅក្នុងបន្ទប់ទឹករបស់សាច់ញាតិ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបានយកអាវដៃវែងប្រុងចងកបញ្ចប់ជីវិតម្តងរួចមកហើយ ប៉ុន្តែត្រូវសាច់ញាតិឃើញទាន់ ក៏ជួយដឹកចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្រាប់តែមិនទាន់អស់ចិត្ត ក៏លោតសម្លាប់ខ្លួនពីលើអគារពេទ្យម្តងទៀត បណ្តាលឱ្យធ្លាក់ចុះពីជាន់ទី១ មកចំដែកដំបូលការពារកំដៅ ចំណុចផ្លូវដើរ ផ្នែកខាងក្រោម រងរបួសធ្ងន់តែម្តង។

ជុំវិញការប៉ុនប៉ងសម្លាប់ខ្លួនរបស់ជនរងគ្រោះម្តងជាពីរដងនេះ ត្រូវបានស្ត្រីជាម្តាយ លើកឡើងថា បណ្តាលមកពីជនរងគ្រោះ តូចចិត្តនឹងជំងឺប្រចាំកាយផង ណាមួយអន់ចិត្តនឹងរឿងប្រពន្ធមិនមកជួយមើលថែប្តីក្នុងមន្ទីរពេទ្យផង។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យបង្អែក គ្រោងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីសម្រាកព្យាបាល ប៉ុន្តែត្រូវស្ត្រីជាម្តាយអង្វរសុំទុកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតវិញ ដោយហេតុថា គាត់ទីទ័លក្រណាស់ គ្មានប្រាក់ទៅមក និងសោហ៊ុយស៊ីចាយ ដើម្បីមើលថែកូនរបស់គាត់ឡើយ៕

RELATED ARTICLES