Monday, October 6, 2025
Homeព័ត៌មានជាតិក្រមុំរាំធុងបាស់ដល់យប់ជ្រៅ ពឹងយុវជនស្ទាវឌុបទៅផ្ទះ ដល់កន្លែងស្ងាត់ចាប់រំលោភ

ក្រមុំរាំធុងបាស់ដល់យប់ជ្រៅ ពឹងយុវជនស្ទាវឌុបទៅផ្ទះ ដល់កន្លែងស្ងាត់ចាប់រំលោភ

ខេត្តកំពង់ចាម ៖ នារីវ័យក្មេងម្នាក់បានទៅចូលរួមពិធីបុណ្យសពអ្នកភូមិ និងត្រូវម្ចាស់ដើមបុណ្យរៀបចំដាក់ធុងបាស់រាំកម្សាន្តផង លុះរាំដល់យប់ជ្រៅ ក៏ពឹងឱ្យយុវជនម្នាក់ជួយជូនទៅផ្ទះ ស្រាប់តែត្រូវប្រុសព្រានដឹកបង្ហួសចូលទៅកន្លែងស្ងាត់ ចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច ដោយនារីរងគ្រោះរើបម្រះរួច។ លុះនារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនប្រុសព្រានល្មោភកាមបាន កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិប្រើសមាស ឃុំចំការអណ្តូង ស្រុកចំការលើ។

ប្រុសព្រានល្មោភកាមដែលប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនារីវ័យក្មេង មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យ២០ឆ្នាំ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានអាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិខាងលើ មានពិធីបុណ្យសពមួយ លុះដល់យប់ឡើង ម្ចាស់ដើមបុណ្យបានរៀបចំដាក់ធុងបាស់ ដើម្បីឱ្យអ្នកភូមិរាំលេងកម្សាន្តកំដរបុណ្យសព កុំឱ្យស្ងាត់។ ក្នុងនោះ នារីរងគ្រោះក៏បានទៅចូលរួមរាំលេងដែរ រហូតដល់យប់ជ្រៅ មិនហ៊ានដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង ក៏ពឹងឱ្យជនសង្ស័យដែលជាមនុស្សស្គាល់គ្នានៅក្នុងភូមិ ជួយជូនមកផ្ទះ។

ប្រភពដដែលបន្តថា ក្រោយមក ជនសង្ស័យក៏បានដឹកនារីរងគ្រោះតាមម៉ូតូ តែមិនសំដៅទៅផ្ទះនារីរងគ្រោះនោះទេ បែរជាបង្ហួសទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីរងគ្រោះទាំងកំរោលតែម្តង ប៉ុន្តែ សំណាងល្អ នារីរងគ្រោះបានប្រឹងរើបម្រះ រហូតរួចផុតពីក្រញាំតណ្ហាប្រុសព្រាន និងបានស្រែកឆោឡោឡើង ធ្វើឱ្យជនសង្ស័យភ័យខ្លួន បើកម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ នារីរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងត្រូវសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES