Monday, October 6, 2025
Homeព័ត៌មានជាតិអាងខ្លួនជាមន្ត្រីយោធា សួរភ្លាម បាញ់ផូង ធ្លាយចង្កេះអ្នកបើកតាក់សុី

អាងខ្លួនជាមន្ត្រីយោធា សួរភ្លាម បាញ់ផូង ធ្លាយចង្កេះអ្នកបើកតាក់សុី

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ហៅរថយន្តតាក់ស៊ីម៉ែត្រជិះត្រឡប់ទៅផ្ទះ លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវ មិនដឹងជាខឹងអ្នកបើករថយន្តតាក់ស៊ីពីរឿងអ្វី ក៏ដកកាំភ្លើងបាញ់១គ្រាប់ បណ្តាលឱ្យធ្លាយចង្កេះអ្នកបើកតាក់ស៊ី រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខរោងកុនអង្គរ ម្តុំផ្សារឌ័រហ្គោល តាមបណ្តោយផ្លូវ២១៧ កែងនឹងផ្លូវ១៣៩ ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា។

ជនដៃដល់ជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារអ្នកបើករថយន្តតាក់ស៊ីធ្លាយចង្កេះ មានឈ្មោះប៉ែន សាយ័ន្ត អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ មានលំនៅផ្ទះលេខ២៨២ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកបុរសរងគ្រោះ មានឈ្មោះជុំ គា អាយុ៤០ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ីម៉ែត្រ នគររាជ មានលំនៅក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់តាំងកសាង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីយោធាជាខ្មាន់កាំភ្លើង ទើបនឹងចេញពីក្លឹបកាហ្សា ម្តុំវត្តភ្នំ ដោយស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បន្ទាប់មកជនបង្កក៏បានហៅរថយន្តតាក់ស៊ីជិះបំណងត្រឡប់ទៅផ្ទះវិញនៅម្តុំចំការដូង លុះពេលឡើងជិះតាក់ស៊ីរបស់ជនរងគ្រោះ ធ្វើដំណើរមកដល់ចំណុចមុខរោងកុនអង្គរ ជនបង្កបានសួរទៅជនរងគ្រោះជាអ្នកបើករថយន្តតាក់ស៊ីថា ឃើញកាំភ្លើងខ្ញុំទេ លុះសួរមិនទាន់ផុតពីមាត់ផង ស្រាប់តែជនបង្កបានបាញ់១គ្រាប់ទៅលើជនរងគ្រោះជាអ្នកបើករថយន្តតាក់ស៊ី ចំចង្កេះខាងស្តាំ បណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

តាមសម្តីបុរសរងគ្រោះជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ នគររាជ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មន្ត្រីយោធាជាជនបង្កខាងលើ ទើបនឹងចេញពីក្លឹបកាហ្សា ទាំងស្រវឹងស្រាធ្លាក់ភ្នែក រួចក៏បានទាក់ទងមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ហើយស្របពេលដែលគាត់កំពុងប្រចាំការនៅក្បែរនោះស្រាប់ផង ក៏បើករថយន្តទៅដឹកជនបង្ក លក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ។ លុះពេលធ្វើដំណើរមកដល់មុខរោងកុនអង្គរ ជនសង្ស័យបានសួរគាត់ថា មានឃើញកាំភ្លើងរបស់គេទេ ស្រាប់តែគាត់មិនទាន់បានឆ្លើយថាម៉េចផង ក៏ត្រូវជនបង្កបាញ់១គ្រាប់ ចំចង្កេះខាងស្តាំរបួសធ្ងន់តែម្តង។ ចំណែកជនបង្កជាខ្មាន់កាំភ្លើង ក្រោយពេលបាញ់គាត់ឱ្យរងរបួសរួចហើយ ក៏ចុះពីលើរថយន្តរត់គេចខ្លួនចូលទៅពួននៅច្រកផ្លូវក្នុងនៅម្តុំក្រោយសាលាសង្កាត់អូរឬស្សី១ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការដេញចាប់ឃាត់ខ្លួនបានតែម្តង។

ក្រោយពីដេញតាមឃាត់ខ្លួនជនបង្កជាខ្មាន់កាំភ្លើងបានហើយ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី១ដើម ម៉ាកប្រាហា រួចនាំខ្លួនជនបង្កទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES