Monday, October 6, 2025
Homeព័ត៌មានជាតិនៅផ្ទះម្នាក់ឯង ប្រុសព្រានប្រើល្បិចសុំទឹកផឹក លបតាមពីក្រោយចាប់រំលោភ

នៅផ្ទះម្នាក់ឯង ប្រុសព្រានប្រើល្បិចសុំទឹកផឹក លបតាមពីក្រោយចាប់រំលោភ

ខេត្តពោធិ៍សាត់ ៖ បុរសល្មោភកាមម្នាក់ ឃើញនារីមានសតិមិនប្រក្រតីម្នាក់ នៅផ្ទះតែម្នាក់ឯង ក៏ប្រើល្បិចធ្វើជាចូលទៅសុំទឹកផឹក លុះនារីរងគ្រោះដើរទៅយកទឹកមកឱ្យ ក៏ត្រូវប្រុសព្រានលបតាមពីក្រោយ ចាប់ផ្តួលរំលោភរហូតដល់បានសម្រេចដល់ទៅ២ដង លុះសាច់ញាតិនារីរងគ្រោះតាមទាន់ ជនសង្ស័យក៏ប្រើល្បិចថាសុំទទួលខុសត្រូវស្តីដណ្តឹងរៀបការ លុះមានឱកាសល្អ ក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីប្រុសព្រានចាប់នារីសតិមិនប្រក្រតីរំលោភរហូតដល់បានសម្រេច២ដង រួចរត់គេចខ្លួនបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ។

ជនសង្ស័យល្មោភកាម មានឈ្មោះស៊ឺម ខន អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះអ.ស.ខ អាយុ២៧ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះស៊ឺម ខន បានដើរចូលក្នុងផ្ទះរបស់នាង ហើយក៏បានប្រើនាងឱ្យទៅដងទឹកយកមកឱ្យគេផឹកបន្តិច។ ពេលនោះ នាងក៏បានដើរទៅដងទឹកឱ្យជនសង្ស័យផឹក ស្រាប់តែជនសង្ស័យបានដើរតាមពីក្រោយ រួចក៏ស្ទុះមកចាប់ឱបនាងថើបច្របាច់ លូករាវសព្វរាងកាយ បន្ទាប់មកក៏ចាប់នាងរំលោភរហូតដល់បានសម្រេចតែម្តង។

នារីរងគ្រោះបន្តថា លុះបន្តិចក្រោយមក ដោយមិនទាន់អស់ចិត្ត ជនសង្ស័យក៏បានចាប់នាងរំលោភរហូតដល់បានសម្រេចសារជាថ្មីម្តងទៀត សរុប២ដង ទើបប្អូនថ្លៃរបស់នាងឈ្មោះធុយ ឆាន បានដើរមកទាន់ធ្វើឱ្យជនសង្ស័យងើបគេចខ្លួនបាត់តែម្តង។

តាមសម្តីស្ត្រីឈ្មោះធុយ ឆាន ត្រូវប្អូនថ្លៃរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នាងបានដើរទៅផ្ទះម្តាយក្មេក ដែលមានចម្ងាយពីគ្នាប្រមាណ៤០ម៉ែត្រ ព្រោះមុននេះបន្តិច នាងបានឃើញជនសង្ស័យឈ្មោះស៊ឺម ខន ដើរទៅផ្ទះម្តាយក្មេករបស់នាង ដោយដឹងថាម្តាយក្មេករបស់នាងមិននៅផ្ទះ នៅតែជនរងគ្រោះម្នាក់ឯង ដែលគ្នាជាមនុស្សមិនដប់ម្ភៃ (មនុស្សមិនគ្រប់ទឹក)។ លុះពេលនាងចូលទៅដល់ផ្ទះម្តាយក្មេក ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងនៅពីលើនារីរងគ្រោះទាំងស្រាតននលគក ឃើញបែបនេះ នាងក៏បានឃាត់ជនសង្ស័យឈ្មោះស៊ឺម ខន មិនឱ្យទៅណា និងបាននិយាយថា មានរឿងអាស្រូវបែបនេះ ត្រូវតែទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីរកខុសត្រូវទើបបាន។

ប្អូនថ្លៃនារីរងគ្រោះ បន្តថា ពេលនោះ ជនសង្ស័យបាននិយាយថា ខ្ញុំដឹងខុសហើយ តែចាំខ្ញុំទៅជួបម្តាយរបស់ខ្ញុំ ឱ្យគាត់មកស្តីដណ្តឹងនាង (នារីរងគ្រោះ) តាមច្បាប់ ព្រោះខ្ញុំស្រឡាញ់នាង។ បន្ទាប់មក នាងក៏បានស្លៀកពាក់ឱ្យនារីរងគ្រោះជាបងថ្លៃវិញត្រឹមត្រូវ ហើយក៏ដើរទៅផ្ទះមួយភ្លែត ដោយទុកឱ្យបងប្អូនថ្លៃ៣នាក់នៅចាំមើលជនសង្ស័យ ដឹងអី! ពេលនាងត្រឡប់មកវិញ ស្រាប់តែបាត់ជនសង្ស័យ ទើបនាងបានសួរទៅបងថ្លៃទាំង៣នាក់នោះថា តើអាខន (ជនសង្ស័យ) ទៅណាហើយ? បងៗក៏ឆ្លើយថា វាសុំបងទៅយកម៉ូតូបន្តិច។ បន្ទាប់ពីស្តាប់ការរៀបរាប់របស់បងៗ ពួកនាងក៏នាំគ្នាអង្គុយចាំជនសង្ស័យ តែមិនឃើញត្រឡប់មកវិញ ទើបនាំគ្នាភ្ញាក់ផ្អើល រួចទៅប្តឹងសមត្ថកិច្ចតែម្តង។

លោកវរសេនីយ៍ទោ ឯម រុន អធិការស្រុកក្រគរ បានបញ្ជាក់ប្រាប់ថា  ក្រោយពីទទួលពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះរួចមក លោកបានចាត់កម្លាំងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដែរ​ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។

លោកអធិការបញ្ជាក់ថា តាមពិតជនសង្ស័យរូបនេះធ្លាប់មានប្រវត្តិមិនល្អ ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទរំលោភសេពសន្ថវៈ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ ដោយមានទោសរហូតដល់ទៅ៥ឆ្នាំ ហើយជនសង្ស័យទើបនឹងចេញពីពន្ធនាគារបានមួយរយៈប៉ុណ្ណោះ។

យ៉ាងណាក្តី លោកអធិការបានអះអាងថា ករណីរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស ឱ្យខាងតែបាន ដើម្បីរកយុត្តិធម៌ជូនរងគ្រោះ៕

RELATED ARTICLES