Monday, October 6, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធជើងខ្លាំងខឹងប៉ូលិសផាក ជេរបែកផ្សែង ឃាត់ខ្លួនយកទៅប៉ុស្តិ៍ លើកដៃសំពះសុំទោស

ប្តីប្រពន្ធជើងខ្លាំងខឹងប៉ូលិសផាក ជេរបែកផ្សែង ឃាត់ខ្លួនយកទៅប៉ុស្តិ៍ លើកដៃសំពះសុំទោស

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ជិះម៉ូតូដឹកគ្នាតាមដងផ្លូវ ដោយមិនបានពាក់មួកការពារសុវត្ថិភាព លុះត្រូវសមត្ថកិច្ចកំពុងដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ឃាត់ផាកពិនិ័យ ស្រាប់តែប្តីប្រពន្ធជើងខ្លាំងទាំង២នាក់ ក្តៅស្លឹកត្រចៀកស្មើដៃគ្នា គ្មានអ្នកណាទប់អ្នកណា បែរជាបើកឆាកជេរបញ្ចោរ ប្រមាថ ត្មិះដៀលទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃ រហូតដល់សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួននាំទៅប៉ុស្តិ៍ ស្រាប់តែពេលចូលដល់ប៉ុស្តិ៍ ប្តីប្រពន្ធចរិតខ្លាប្រែក្លាយជាទន្សាយមួយរំពេច ស្លូតសុភាពចេះលើកដៃសំពះសុំទោស លែងប្រើសម្តីកោង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមដងផ្លូវ ចំណុចភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ប្តីប្រពន្ធជើងខ្លាំងដែលព្រួតគ្នាជេរបញ្ចោរសមត្ថកិច្ចបែកផ្សែងនេះ បុរសជាប្តីមានឈ្មោះឈុន សុខចំរើន អាយុ៣៥ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះផាត់ រិទ្ធី អាយុ២៧ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ចដែលកំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍នៅចំណុចទីតាំងកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោកភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខាងលើ ដោយផ្អែកតាមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាខាងលើ ក៏លេចមុខប្តីប្រពន្ធ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-8716 មានបំពាក់កញ្ចក់មើលក្រោយដែរ តែដាក់ខុសបច្ចេកទេស ហើយអ្វីដែលសំខាន់ ប្តីប្រពន្ធអ្នកទាំង២ ពុំមានពាក់មួកការពារសុវត្ថិភាពទាំងអស់គ្នា និងបានឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់គោលដៅរបស់សមត្ថកិច្ច កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ឃើញម៉ូតូអ្នកបើកបរក្នុងសភាពល្មើស គ្មានមួកសុវត្ថិភាព ក៏ត្រូវបានកម្លាំងត្រួតពិនិត្យឃាត់ឱ្យឈប់ ដើម្បីអនុវត្តន៍ច្បាប់ ស្រាប់តែភ្លាមនោះ ប្តីប្រពន្ធអ្នកទាំង២ បែរជាក្តៅស្លឹកត្រចៀក ចុះមកជ្រែងចង្កេះ ព្រលះដោយសម្តីធ្ងន់ៗ ជេរប្រមាថមកលើសមត្ថកិច្ចសព្វបែបយ៉ាង និងថែមទាំងបានប្រើពាក្យថា ប៉ូលិសកំប៉ិកកំប៉ុកបែបហ្នឹង ឃាត់គេអត់ពាក់មួក បើចង់ចាប់ឃាត់គេអត់មួក យកប៉ូលិសស្តង់ដាមកចាប់មក ទើបគេព្រមឱ្យពិន័យ។ មិនតែប៉ុណ្ណោះ ប្តីប្រពន្ធអ្នកទាំងពីរដែលខ្លាំងស្មើដៃគ្នា គ្មានអ្នកណាឃាត់អ្នកណា ថែមទាំងបានឡូឡាឡាំប៉ា វាយរុញច្រានសមត្ថកិច្ច ផ្អើលពេញដងផ្លូវទាំងព្រឹក។

ដោយទ្រាំនឹងសម្តី និងចរិតក្រអើតក្រទម ទាំងដែលខ្លួនកំពុងល្មើសច្បាប់បែបនេះលែងបាន សមត្ថកិច្ចគោលដៅដែលត្រូវប្តីប្រពន្ធខាងលើដៀលថាជាប៉ូលិសកំប៉ិកកំប៉ុងនោះ បានស្នើសុំគោលការណ៍ឃាត់ខ្លួនប្តីប្រពន្ធជើងខ្លាំងខាងលើ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពេលសមត្ថកិច្ចនាំខ្លួនចូលដល់ក្នុងប៉ុស្តិ៍ប៉ូលិស គេឃើញប្តីប្រពន្ធដែលខ្លាំងទាំងសម្តី ខ្លាំងទាំងចរិតឬកពារកាយវិការច្រងេងច្រងាងពេញដងផ្លូវ ប្រៀបបាននឹងសត្វខ្លានោះ បែរជាបន្ទន់ឥរិយាបថ ប្តូរទៅជាចរិតទន្សាយ ស្លូតបូត សុភាពរាបសារ និយាយស្តីទន់ភ្លន់ ព្រមទាំងភ្ជាប់ដោយពាក្យសុំទោសចំពោះសមត្ថកិច្ច ពិសេសសុំរួចខ្លួនទៅវិញ។

យ៉ាងណាក្តី សមត្ថកិច្ចបានពោលសរសើរដល់ប្តីប្រពន្ធអ្នកទាំងពីរខាងលើ ដែលចេះដឹង និងព្រមទទួលស្គាល់កំហុសរបស់ខ្លួន ប៉ុន្តែចាំបាច់ត្រូវអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ជាមុនសិន៕

RELATED ARTICLES