Tuesday, October 7, 2025
Homeព័ត៌មានជាតិផ្ទុះជម្លោះនឹងគ្នា!!! ប្តីឡើងដេកលើផ្ទះបាត់ ប្រពន្ធចិត្តខ្លាំង យកសាំងចាក់ដុតខ្លួនស្លាប់

ផ្ទុះជម្លោះនឹងគ្នា!!! ប្តីឡើងដេកលើផ្ទះបាត់ ប្រពន្ធចិត្តខ្លាំង យកសាំងចាក់ដុតខ្លួនស្លាប់

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់បានកើតមានជម្លោះជាមួយនឹងប្តីបន្តិចបន្តួច លុះឈ្លោះប្រកែកគ្នារួច ប្តីក៏ឡើងទៅដេកលើផ្ទះបាត់ទៅ ចំណែកប្រពន្ធព្រោះតែមួម៉ៅក្តៅចិត្តខ្លាំងពេក ទ្រាំមិនបាន ចូលទៅយកសាំង៣លីត្រ យកមកចាក់ស្រោចខ្លួន រួចកេះដែកកេះដុតសម្លាប់ខ្លួន បណ្តាលឱ្យឆេះរលាករលួយពេញខ្លួន រហូតដល់ស្លាប់យ៉ាងវេទនាបំផុត។

ហេតុការណ៍ប្រពន្ធចាក់សាំងដុតសម្លាប់ខ្លួន ព្រោះតែខឹងកើតមានទំនាស់ពាក្យសម្តីជាមួយប្តីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ស្ត្រីរងគ្រោះដែលចាក់សាំងដុតសម្លាប់ខ្លួន មានឈ្មោះឆាយ សុខ អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះខុម នី អាយុ៣៦ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី និងមានកូនចំនួន៣នាក់នៅក្នុងបន្ទុក សព្វថ្ងៃមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធកំពុងអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ បន្ទាប់មកបុរសជាប្តីបានប្រើស្ត្រីរងគ្រោះឱ្យកោសខ្យល់ឱ្យ និងកោរពុកមាត់ផង ប៉ុន្តែពេលដែលកំពុងកោសខ្យល់ឱ្យប្តីនោះ ស្ត្រីរងគ្រោះបានកើតមានទំនាស់ពាក្យសម្តីជាមួយប្តីតិចតួច លុះពេលកោសខ្យល់រួច បុរសជាប្តីក៏បានឡើងទៅសម្ងំដេកនៅលើផ្ទះបាត់ទៅ ចំណែកស្ត្រីរងគ្រោះនៅបន្តផឹកស៊ីនៅខាងក្រោមផ្ទះទៀត។

ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក ស្រាប់តែស្ត្រីរងគ្រោះជាប្រពន្ធទំនងជាស្រវឹងស្រាខ្លាំងផង នឹកក្តៅចិត្តនឹងរឿងកើតមានជម្លោះនឹងប្តីផង ក៏ដើរចូលទៅយកប្រេងសាំងប្រហែល៣លីត្រ មកចាក់ពីលើខ្លួន រួចកេះដែកកេះដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះ អ្នកជិតខាងប្រទះឃើញ បានស្រែកឆោឡោថា ស្ត្រីរងគ្រោះដុតខ្លួនហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បុរសជាប្តី និងអ្នកជិតខាង ផ្អើលនាំគ្នាមកជួយពន្លត់ រួចក៏ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសល ដោយសារតែស្ថានភាពរលាករបស់ស្ត្រីរងគ្រោះមានកម្រិតធ្ងន់ធ្ងរពេក ធ្វើឱ្យស្ត្រីរងគ្រោះទ្រាំទ្រមិនបាន ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចាក់សាំងដុតសម្លាប់ខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែកើតមានទំនាស់ពាក្យសម្តីនឹងប្តីតិចតួច។ ហើយនៅពេលចាក់សាំងដុតខ្លួននោះ នៅក្នុងខ្លួនស្ត្រីរងគ្រោះ មានប្រាក់ចំនួន៥០ម៉ឺនរៀល និងត្រូវភ្លើងឆេះអស់ផងដែរ។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES