ខេត្តកំពង់ធំ ៖ បុរសម្នាក់ ព្រោះតែផឹកស្រាសស្រវឹងរាល់ថ្ងៃ រហូតដល់ក្តៅខួរ ក្លាយជាមនុស្សវិកលចរិត លែងដឹងខុសត្រូវ និងមានចិត្តកោងកាចខ្លាំងណាស់ លុះក្រោយពេលផឹកស្រាស្រវឹងដើរមកផ្ទះ ឃើញប្អូនស្រីបង្កើតកំពុងដេកលក់ក្នុងអង្រឹង មិនដឹងថា ផ្ទុះកំហឹងរឿងអ្វី ក៏ទាញកាំបិតនិងពូថៅ ស្ទុះចូលមកកាប់ចិញ្ច្រាំប្អូនស្រី បណ្តាលឱ្យខ្ទេចផ្ទៃមុខស្លាប់យ៉ាងអាណោចអាធ័ម។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើអង្រឹងខាងក្រោមផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍។
ជនដៃដល់ជាឃាតករចិត្តកំណាចឃោរឃៅ ដែលកាប់ប្អូនស្រីបង្កើតគ្មានប្រណីដៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម មានឈ្មោះសុខ មឿន អាយុ៤១ឆ្នាំ ជាមនុស្សប្រមឹក និងមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ សុខ យឺន អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងផ្ទះជាមួយជនដៃដល់ ស្ថិតក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនដៃដល់ជាឃាតករ និងស្ត្រីរងគ្រោះ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងរស់នៅផ្ទះជាមួយគ្នា ដោយក្នុងនោះស្ត្រីរងគ្រោះ មានប្តីរួចទៅហើយ ចំណែកជនដៃដល់ជាបងប្រុស គឺជាមនុសប្រមឹក ដើរផឹកស្រាសរហូតដល់ក្តៅខួរ ក្លាយជាមនុស្សវិកលចរិត និយាយស្តីលែងដឹងខុសត្រូវ និងមានចរិតកោងកាចសម្បើមណាស់ ហើយពេលជំងឺធ្វើទុក្ខម្តងៗ ធ្វើឱ្យជនដៃដល់វក់ខ្លាំងណាស់ ដើរតែស្រែកឡូឡាពេញភូមិ និងរករឿងគេឯង ទោះជាក្រុមគ្រួសារនិយាយអ្វីក៏មិនស្តាប់ដែរ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនដៃដល់ បានដើរចេញពីផ្ទះទៅផឹកស្រានៅក្នុងភូមិបាត់ ចំណែកស្ត្រីរងគ្រោះបានឡើងទៅដេកក្នុងអង្រឹងខាងក្រោមផ្ទះ ដោយឡែក បុរសជាប្តីស្ត្រីរងគ្រោះបានដើរចេញពីផ្ទះបាត់។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ គ្រាដែលស្ត្រីរងគ្រោះកំពុងដេកលង់លក់ស្កប់ស្កល់ ស្រាប់តែលេចមុខជនដៃដល់ ដើរត្រឡប់មកផ្ទះវិញ ទាំងស្រវឹងអួទីនួ ហើយភ្លាមនោះ ជនដៃដល់ស្រាប់តែផ្ទុះកំហឹង ឃើញប្អូនស្រី (ស្ត្រីរងគ្រោះ) កំពុងដេកក្នុងអង្រឹង ក៏ស្ទុះទៅយកកាំបិត និងពូថៅ មកកាប់ចិញ្ច្រាំទៅលើប្អូនស្រីចំផ្ទៃមុខ បណ្តាលឱ្យដាច់រយះសុសខ្ទេចផ្ទៃមុខមើលលែងយល់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។
ប្រភពខាងលើបញ្ជាក់ថា នៅពេលដែលឃើញជនដៃដល់កាប់ប្រហារទៅលើស្ត្រីរងគ្រោះ អ្នកជិតខាងបាននាំគ្នាស្ទុះរត់ចូលមកជួយដែរ តែអកុសល ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ទើបភ្លាមនោះ អ្នកជិតខាងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបានចាប់ឃាត់ខ្លួនជនដៃដល់ជាឃាតករ នាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។
ចំណែកសាកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅឱ្យប្តី រួមនឹងសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”