ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋទៅឃ្វាលគោ បានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ ខ្លួនលើដើមកកោះនៅកណ្តាលវាលស្រែ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ រួចមករាយការណ៍ដល់កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ។
ប្រភពពីលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងនគរបាលជំនាញស្រុក ចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះឈឿង ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិតាទ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោកបានបញ្ជាក់បន្ថែមទៀតថា តាមការសាកសួរ និងការបំភ្លឺពីក្រុមគ្រួសារសព បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច ប្រពន្ធជនរងគ្រោះបានឌុបម៉ូតូប្តីទៅស្រោចទឹក នៅភូមិដូនរាជ ដល់ពាក់កណ្តាលផ្លូវ ប្តីគាត់លោតចុះពីលើម៉ូតូរត់កាត់វាលស្រែ ពេលនោះប្រពន្ធនិងប្រជាពលរដ្ឋបានជួយតាមរកតែរកមិនឃើញ លុះព្រឹកម៉ោង៨និង៣០នាទី ទើបប្រទះឃើញសពចងកនៅលើដើមកកោះនៅទីវាលស្រែ ខាងលិចភូមិតាទ ចម្ងាយ៨គីឡូម៉ែត្រ ដោយយកអាវយឺតដៃវែងជាមធ្យោបាយចងក។
ក្រុមគ្រួសារបានបំភ្លឺបន្ថែមទៀតថា ជនរងគ្រោះមានជំងឺសរសៃប្រសាទកម្រិតធ្ងន់ ដោយសារគាត់ផឹកស្រាសជាប្រចាំ ធ្វើឱ្យខូចខួរក្បាល។ តាមការពិនិត្យរបស់នគរបាលជំនាញ ឃើញថា គ្មានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិ-ឃុំខាងលើ៕