ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានទៅចូលរួមពិធីមង្គលការមួយ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ប្រទះឃើញអតីតគូទំនាស់ចាស់ ដែលធ្លាប់ប្រើអំពើហិង្សាមកលើខ្លួនកាលពីជាង១ឆ្នាំមុន ក៏ផ្ទុះកំហឹងទាញកែវស្រាវាយសំពងទៅលើគូទំនាស់ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលពេញរោងការ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចចំណតរថយន្តអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។
ជនដៃដល់ប្រើវាយគូទំនាស់១កែវរយះក្បាល មានឈ្មោះហេង សុវណ្ណរ័ត្ន អាយុ៣៨ឆ្នាំ ជាអ្នកលក់គ្រឿងទេស។ ចំណែកជនរងគ្រោះ មានឈ្មោះសយ ហុងម៉េង អាយុ៤៨ឆ្នាំ តួនាទីជានាយរងប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ (រងរបួសរយះក្បាល)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានចូលរួមនៅក្នុងពិធីមង្គលការខាងលើ ដោយអង្គុយហូបចុកនៅតុផ្សេងគ្នា លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែជនដៃដល់បានប្រទះឃើញជនរងគ្រោះ ដែលកំពុងផឹកស៊ីក្បែរនោះដែរ ស្រាប់តែនឹកឃើញគំនុំចាស់ ទប់ចិត្តមិនបាន ក៏ទាញកែវស្រាដើរសំដៅទៅរកជនរងគ្រោះ រួចវាយសំពងជនរងគ្រោះ១កែវចំក្បាលផ្នែកខាងមុខ បណ្តាលឱ្យរយះក្បាលហូរឈានស្រោចខ្លួន រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការ ដែលខ្លះកំពុងផឹកស៊ី ខ្លះទៀតកំពុតរាំលេងយ៉ាងសប្បាយ បានកើតមានការផ្អើលឆោឡោ រត់ចែកជើងគ្នា ខ្លះរត់ទៅផ្ទះទាំងភ្លេចចងដៃក៏មាន។ យ៉ាងណា ភ្លាមៗនោះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ យកទៅប៉ុស្តិ៍ដើម្បីសួរនាំ ចំណែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាវាយជនរងគ្រោះបណ្តាលឱ្យរយះក្បាលមែន មូលហេតុដោយសារតែខ្លួនមានគំនុំជាមួយនឹងជនរងគ្រោះ កាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ ដោយកាលណោះ ជនរងគ្រោះធ្លាប់បានប្រើអំពើហិង្សាមកលើខ្លួន ហើយតាំងពីនោះមក ពួកគេមិនដែលជួបមុខគ្នាសោះ ទើបតែមកប្រទះក្នុងរោងការខាងលើ ក៏ផ្ទុះកំហឹងទប់មិនជាប់ ក៏ទាញកែវស្រាទៅស្រាយគំនុំចាស់តែម្តង។
ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕