Tuesday, October 7, 2025
Homeព័ត៌មានជាតិប្រធានក្រុមម៉ូតូធំ ជិះម៉ូតូបុកបុគ្គលិកមីក្រូហិរញ្ញវត្ថុ ស្លាប់ទាំង២នាក់ ប្រពន្ធយំសោកបោកខ្លួនក្បែរសពប្តី

ប្រធានក្រុមម៉ូតូធំ ជិះម៉ូតូបុកបុគ្គលិកមីក្រូហិរញ្ញវត្ថុ ស្លាប់ទាំង២នាក់ ប្រពន្ធយំសោកបោកខ្លួនក្បែរសពប្តី

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុមម៉ូតូធំ MSC បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូធំរបស់ខ្លួនជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ដែលជិះដោយស្ត្រីម្នាក់ បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង ចំណែកភាគីអ្នកជិះម៉ូតូធំបានរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

លោកកែវ សុវណ្ណ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៤១ ត្រង់ចំណុចផ្លូវបំបែកចេញពីផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី។

បុរសដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះកែវ សុវណ្ណ អាយុ៤៧ឆ្នាំ ជាប្រធានក្រុមម៉ូតូធំ MSC មានលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិះម៉ូតូធុនធំ១គ្រឿង ម៉ាក BMW ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CV-9602។ ចំណែកភាគីម្ខាងទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ បើកបរដោយស្ត្រីម្នាក់ ឈ្មោះថន កែសសម ជាបុគ្គលិកគ្រឹះស្ងានមីក្រូហិរញ្ញវត្ថុ AMK (តួនាទីបេឡាធិការ) សាខាបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

កញ្ញាថន កែសសម

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសឈ្មោះកែវ សុវណ្ណ ដែលត្រូវគេស្គាល់ថាជាប្រធាន ក្រុមម៉ូតូធំ MSC បានជិះម៉ូតូធំ១គ្រឿង ម៉ាក BMW តែម្នាក់ឯង ធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ៤១ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានឧបសគ្គអ្វី ក៏ស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ដែលជិះដោយស្ត្រីរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសអ្នកជិះម៉ូតូធំ ទទួលរងរបួសធ្ងន់។

សាកសពកញ្ញាថន កែសសម ស្លាប់នៅកន្លែងកើតហេតុ

ក្រោយកើតហេតុ ប្រជាពលរដ្ឋអ្នកដំណើរបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ លុះបន្តិចក្រោយមក សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ រួចប្រញាប់ដឹកបញ្ជូនជនរងគ្រោះជាអ្នកជិះម៉ូតូធំ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។ តែអកុសល ដោយសារតែស្ថានភាពរបួសរបស់បុរសជាអ្នកិជិះម៉ូតូធំ មានសភាពធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យបុរសរូបនោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងមន្ទីរពេទ្យតែម្តង។

បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

ភរិយា​លោកកែវ សុវណ្ណ យំស្តាយប្តី

កែវ សុវណ្ណ ជាមួយភរិយា និងកូនៗ (កាលនៅរស់)

RELATED ARTICLES