ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បើកហាងលក់ស៊ុប និងគ្រឿងក្លែម មិនសូវមានភ្ញៀវចូលហូប តែហាងលក់ស៊ុបរបស់បុរសខ្មែរ ក្បែរគ្នាលក់ដាច់ជាង ក៏ផ្ទុះកំហឹងបានយកដែកវ៉ៃជញ្ជាំងផ្ទះស័ង្កសីខ្មែរ បណ្តាលឱ្យក្រពឹត ហើយស្ទុះទៅវាយបុរសខ្មែរលក់ស៊ុបចំនួន២ដៃ បណ្តាលឱ្យប៉ោងមុខ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅមុខភោជនីយដ្ឋានសុខធា តាមបណ្តោយផ្លូវវិមានសព កែងផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជនជាតិខ្មែរ និងជនបង្កជាជនជាតិចិន បើកហាងជាប់គ្នា នៅមុនពេលកើតហេតុ ស្រាប់តែឃើញបុរសជនជាតិចិនខាងលើ និយាយចិន ជាមួយម្តាយស្តាប់មិនបាន ហើយបានយកដែកវាយជញ្ជាំងស័ង្កសីផ្ទះជនរងគ្រោះ ដែលបាំងព្រំប្រទល់ផ្ទះ បណ្តាលឱ្យក្រពឹត។ បន្ទាប់មក ជនរងគ្រោះនិងគ្រួសារគាត់បានស្រែកសួរនាំ ស្រាប់តែឃើញបុរសជនជាតិចិនខាងលើ ស្ទុះទៅវាយម្ចាស់ហាងជនជាតិខ្មែរចំនួន២ដៃ ហើយស្ទុះរកវាយក្រុមគ្រួសារម្ចាស់ហាងខាងលើ តែសំណាងល្អ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋធ្វើដំណើរឃើញទាន់ ហើយជួយអន្តរាគមន៍ភ្លាមៗផងដែរ បន្ទាប់មករត់ចូលក្នុងផ្ទះបាត់ ហើយចាក់សោទៀតផង។
ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក ទើបនគរបាលប៉ុស្តិ៍កាកាប២ និងនគរបាលដែលចេះភាសាចិន មកឃាត់ខ្លួនបុរសជនជាតិចិនខាងលើ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ដើម្បីសាកសួរ។ ពេលនគរបាលប៉ុស្តិ៍ និងនគរបាលចេះភាសាចិន សួរនាំ ជនជាតិចិនខាងលើ បានសាភាពថា ខ្លួនបានវាយជញ្ជាំងស័ង្កសីភាគីជនរងគ្រោះមែន ព្រោះខឹងម្ចាស់ហាងខ្មែរលួចធ្វើម្ហូបតាមគាត់ ហើយលក់ដាច់ជាងហាងគាត់ទៀត ទើបធ្វើឱ្យគាត់ទ្រាំមិនបាន ផ្ទុះកំហឹងវាយជនរងគ្រោះតែម្តង។

តាមសម្តីជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា ហាងគាត់បានបើកប្រមាណ៦ឆ្នាំមកហើយ គឺគាត់លក់ម្ហូបដដែលហ្នឹង ហើយជនជាតិចិនខាងលើ ទើបនឹងមកនៅបានប្រមាណ១ឆ្នាំតែប៉ុណ្ណោះ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែជនបង្កមកវាយជញ្ជាំងផ្ទះ និងរូបគាត់ បណ្តាលឱ្យរបួសប៉ោងមុខមាត់តែម្តង តែគាត់មិនចង់មានរឿងវែងឆ្ងាយទេ ដោយទាមទារសំណងចំនួន១០០០ដុល្លារ ថ្លៃជំងឺចិត្ត រួចឱ្យសមត្ថកិច្ចធ្វើការអប់រំ ដើម្បីបញ្ចប់រឿង។ តែពេលនោះ បុរសបង្កហេតុជាជនជាតិចិនមិនព្រមសង ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនខាងលើ បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយជាមួយជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់៕