Tuesday, October 7, 2025
Homeព័ត៌មានជាតិយុវជនម្នាក់ឆបោករថយន្តជាង២០គ្រឿង យកទៅបញ្ចាំ ត្រូវជាប់ខ្នោះសមត្ថកិច្ច

យុវជនម្នាក់ឆបោករថយន្តជាង២០គ្រឿង យកទៅបញ្ចាំ ត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តសៀមរាប ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនពីបទឆបោករថយន្តជាង២០គ្រឿង ហើយរថយន្តទាំងនោះសង្ស័យថា យកទៅជួលបន្តបញ្ចាំបន្ត ឬក៏អាចលក់។

ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្តបានប្តឹងមកសមត្ថកិច្ចអំពីរឿងរថយន្តរបស់ខ្លួនដែលត្រូវបានជននោះឆបោក។

ប្រភពពីលោកវរសេនីយ៍ត្រី រិន ម៉ុន មន្ត្រីនគរបាលសង្កាត់គោកចក បានបញ្ជាក់ថា ជនជាប់សង្ស័យមានឈ្មោះអៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចសង្កាត់គោកចក កំពុងបន្តនីតិវិធីសួរចម្លើយ។

តាមពាក្យបណ្តឹងថា មានរថយន្តចំនួនជាង២០គ្រឿង ហើយត្រូវបានជននោះឆបោកពីម្ចាស់ជាបន្តបន្ទាប់ ដែលរថយន្តទាំងនោះ មានតម្លៃចាប់ពី២.៥០០ដុល្លារអាមេរិក ទៅដល់១.៣០០០ដុល្លារអាមេរិក ដោយប្រើរូបភាពជួល ឬខ្ចីពីម្ចាស់ ក្រោយពីបានរថយន្តហើយ ជនសង្ស័យយកទៅលក់ ឬជួលបន្ត ឬក៏បញ្ចាំ។

ប្រភពដដែលបន្តថា នៅថ្ងៃទី០៦ ខែមីនា ជនសង្ស័យត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ និងចងក្រងសុំណុំរឿងចប់សព្វគ្រប់រួចមក៕

RELATED ARTICLES