Tuesday, October 7, 2025
Homeព័ត៌មានជាតិក្មួយប្រុសចាក់ឪពុកមា២ដែកឆាប ដួលម៉ូតូដេកននៀលដី ខឹងទារលុយជំពាក់៣០មុឺនរៀល

ក្មួយប្រុសចាក់ឪពុកមា២ដែកឆាប ដួលម៉ូតូដេកននៀលដី ខឹងទារលុយជំពាក់៣០មុឺនរៀល

ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូដឹកក្មួយប្រុសរបស់ខ្លួន ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រឿងបុរសជាពូទារលុយដែលក្មួយជំពាក់ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តី រហូតដល់ភាគីក្មួយប្រុសបានទាញដែកឆាបចាប់ប្រហារពូរបស់ខ្លួនពីក្រោយខ្នង ចំនួន២ដែកឆាប បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកក្មួយប្រុសត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗដែរ។

ករណីក្មួយប្រុសចាក់ពូ ២ដែកឆាបធ្លុះខ្នង បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចមុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន។

ជនរងគ្រោះដែលត្រូវក្មួយប្រុសចាក់ប្រហារធ្លុះខ្នង មានឈ្មោះសុខ ឡាយ អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យជាក្មួយប្រុស មានឈ្មោះអ៊ុ សម្បត្តិ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយជនរងគ្រោះជាពូ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភព១ ប-៧២១២ ដោយដឹកជនរងគ្រោះពីក្រោយ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែអ្នកទាំងពីរដែលកំពុងជិះលើម៉ូតូជាមួយគ្នា បានកើតមានជម្លោះ តែមិនដឹងថា អ្នកទាំងពីរឈ្លោះប្រកែកគ្នាពីរឿងអ្វីទេ ស្រាប់តែភ្លាមនោះ ជនដៃដល់ដែលអង្គុយពីខាងក្រោយ បានដកដែកឆាបដែលខ្លួនបានលាក់ទុកជាប់ខ្លួន មកចាក់ប្រហារជនរងគ្រោះជាអ្នកបើកម៉ូតូពីក្រោយចំនួន២ដែកឆាប បណ្តាលឱ្យដួលម៉ូតូនៅនឹងកន្លែង ហើយភ្លាមនោះ ជនរងគ្រោះបានស្រែកហៅគេឱ្យជួយ ចំណែកជនដៃដល់បានព្យាយាមរត់គេចខ្លួន ធ្វើឱ្យអ្នកដំណើរ ព្រមទាំងសមត្ថកិច្ចនឹកស្មានថាជាករណីចាក់ប្លន់ម៉ូតូ រួចក៏នាំគ្នាដេញចាប់ខ្លួនជនដៃដល់បានភ្លាមៗដែរ លុះពេលសួរនាំ ទើបដឹងថា ជារឿងទំនាស់រវាងពូ និងក្មួយ មិនមែនជាករណីចាក់ប្រហារប្លន់យកម៉ូតូនោះទេ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះ។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងមុខរបួសត្រង់ខ្នងកំពុងហូរឈាមថា នៅមុនពេលកើតហេតុ គាត់បានដឹកជនដៃដល់ជាក្មួយ ពីម្តុំសាលារៀនបឹងត្របែក ហើយមិនទាន់ប្រាប់ថាទៅណាទេ។ លុះពេលគាត់ជិះមកដល់ចំណុចកើតហេតុខាងលើ ក៏សួរនាំថាទៅណា ពេលនោះ ក្មួយប្រុស (ជនដៃដល់) បានប្រាប់គាត់ថា ឱ្យជួយដឹកគេទៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត តែគាត់បានឆ្លើយថា មិនទៅទេ បន្ទាប់មកក្មួយប្រុសបាននិយាយទៀតថា ជូនរូបគេទៅដល់ គេនឹងសងលុយដែលជំពាក់៣០ម៉ឺនរៀលភ្លាម តែគាត់នៅតែប្រកែកមិនព្រមជូនទៅ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ហើយក្មួយប្រុសបានដកដែកឆាបចាក់គាត់ពីក្រោយខ្នងចំនួន២ដែកឆាប ធ្វើឱ្យគាត់ឈឺចាប់ខ្លាំង ក៏ដួលម៉ូតូ និងស្រែកឱ្យសមត្ថកិច្ចជួយចាប់ក្មួយប្រុសគាត់ផង។

ដោយឡែក ជនដៃដល់ជាក្មួយប្រុស បានសារភាពប្រាប់ថា រូបគេបានមកស្នាក់នៅជាមួយពូ (ជនរងគ្រោះ) រយៈពេលប្រមាណកន្លះខែមកហើយ ហើយរូបគេបានដឹងថា ជនរងគ្រោះគឺជាអ្នកចែកចាយគ្រឿងញៀន លុះជនរងគ្រោះដឹងថា រូបគេដឹងថា គាត់ជាអ្នកលក់ថ្នាំញៀន ក៏ចង់ធ្វើស៊ីរូបគេ ដោយឱ្យបក្ខពួកតាមដានរូបគេ២-៣ថ្ងៃមកហើយ និងថែមទាំងឱ្យរូបគេជួយសំលៀងដែកឆាប ដែលរូបគេប្រើសម្រាប់ចាក់ជនរងគ្រោះនោះទៀតផង ទើបធ្វើឱ្យរូបគេយល់ថា មិនសូវស្រួល ក៏លាក់ដែកឆាបនោះតាមខ្លួនរហូត។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលជិះម៉ូតូជាមួយគ្នា ជនរងគ្រោះបានទារលុយដែលគេជំពាក់ចំនួន៣០ម៉ឺនរៀល ហើយរូបគេបានប្រាប់ឱ្យជួយជូនទៅយកទៅក្រោយពេទ្យកាល់ម៉ែត តែជនរងគ្រោះមិនព្រមទៅ ទើបកើតជាទំនាស់ពាក្យសម្តី និងឈានដល់ការចាក់ប្រហារជនរងគ្រោះជាពូឱ្យរងរបួសតែម្តង។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES