ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានកើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធ រហូតដល់ទប់ចិត្តមិនបាន ក៏ចាប់ក្បាលប្រពន្ធបោកផ្ទប់ទៅនឹងបេតុង បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច រួចក៏ប្រើល្បិចបីប្រពន្ធរត់ទៅពេទ្យថា ប្រពន្ធឈឺធ្ងន់ តែដោយឃើញសពមានរបួសត្រង់ក្បាលធ្ងន់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះសួរនាំ ទើបបែកធ្លាយថាជារឿងឃាតកម្ម ប្តីសម្លាប់ប្រពន្ធ ដោយចាប់បោកក្បាលផ្ទប់នឹងបេតុង។
ករណីឃាតកម្មប្តីសម្លាប់ប្រពន្ធ រួចប្រើល្បិចថា ប្រពន្ធឈឺធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។
ជនដៃដល់ជាប្តីដែលចាប់ប្រពន្ធបោកក្បាលរហូតដល់ស្លាប់នេះ មានឈ្មោះនួន សុផល អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះបួរ សួន អាយុ៣២ឆ្នាំ ស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ ប្តីប្រពន្ធខាងលើ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ និងមានម្ចាស់ផ្ទះជួល ឈ្មោះឃួន សារ៉េត ភេទស្រី អាយុ៦៥ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសដៃដល់ជាប្តី បានបីប្រពន្ធរបស់ខ្លួន ដែលមានសភាពរបួសត្រង់ក្បាលបែកឈាមជោក រត់សំដៅទៅរកគ្រូពេទ្យឱ្យជួយ លុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យសួរនាំថា ប្រពន្ធកើតអី ពេលនោះជនសង្ស័យបានប្រាប់ថា ប្រពន្ធឈឺធ្ងន់។ ភ្លាមនោះ គ្រូពេទ្យបានធ្វើការពិនិត្យ រួចប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបបុរសជាប្តីបានសុំយកសពប្រពន្ធត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើបុណ្យ ប៉ុន្តែដោយសារតែឃើញស្នាមរបួសត្រង់ក្បាលមានសភាពធ្ងន់ ទើបមានការសង្ស័យ ហើយភ្លាមនោះ គ្រូពេទ្យក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់ភ្លាមៗ រួចធ្វើការសួរនាំ ទីបំផុតទើបបែកធ្លាយថា ករណីនេះ គឺជារឿងឃាតកម្ម ប្តីវាយសម្លាប់ប្រពន្ធ រួចបីសពប្រពន្ធមកប្រាប់ពេទ្យថា ប្រពន្ធឈឺធ្ងន់ទៅវិញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានឆ្លើយសារភាពថា តាមពិតនៅមុនពេលកើតហេតុ រូបគេបានផឹកស្រាស្រវឹងជោក លុះពេលមកដល់ផ្ទះវិញ ក៏កើតមានជម្លោះជាមួយនឹងប្រពន្ធ ធ្វើឱ្យរូបគេខឹងពេក ក៏ទាញទ្វារបន្ទប់បិទ រួចចាប់ក្បាលប្រពន្ធបោកនឹងបេតុង បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មករូបគេក៏ប្រើល្បិចធ្វើជាបីប្រពន្ធយកទៅមន្ទីរពេទ្យ ដោយនិយាយថា ប្រពន្ធឈឺធ្ងន់ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញប្រពន្ធរងរបួសបែកក្បាលធ្ងន់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។
ជនសង្ស័យដែលសម្លាប់ប្រពន្ធ ដោយផ្ទាល់ដៃនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕