Tuesday, October 7, 2025
Homeព័ត៌មានជាតិក្រមុំរូបស្រស់ឈឺចិត្ត ប្រុសបែកចិត្តភ្ជាប់ពាក្យស្រីថ្មី លេបថ្នាំសម្លាប់ខ្លួន

ក្រមុំរូបស្រស់ឈឺចិត្ត ប្រុសបែកចិត្តភ្ជាប់ពាក្យស្រីថ្មី លេបថ្នាំសម្លាប់ខ្លួន

បាត់ដំបង ៖ នារីវ័យក្មេងម្នាក់បានស្រលាញ់គ្នាប្តូរផ្តាច់ជាមួយនឹងយុវជនម្នាក់ អស់រយៈពេលរាប់ឆ្នាំមកហើយ ស្រាប់តែចុងក្រោយ ប្រុសព្រានបែរជាដោះដៃចោលស្រីទៅភ្ជាប់ពាក្យជាមួយនឹងគូថ្មីធ្វើព្រងើយ ទើបធ្វើឱ្យខាងស្រីឈឺចិត្តស្អិតទ្រូង គិតអ្វីមិនចេញ ក៏សម្រេចចិត្តគិតខ្លី ផឹកថ្នាំងងុយដេកបញ្ចប់ជីវិតរបស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នារីវ័យក្មេងផឹកថ្នាំងងុយដេកជិតអស់១ទីប ធ្វើអត្តឃាត ព្រោះតែទ្រាំឈឺចិត្តរឿងប្រុសស្នេហ៍ទៅភ្ជាប់ពាក្យជាមួយនឹងស្រីថ្មីមិនបាននោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពហុព្យាបាល ហួត សុគុណ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នារីគំនិតខ្លីដែលផឹកថ្នាំងងុយដេកធ្វើអត្តឃាត មានឈ្មោះស៊ីញ ហួយ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះនិត ស៊ីញ អាយុ៥០ឆ្នាំ ត្រូវជាឪពុករបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅសុខៗកូនស្រីរបស់គាត់ (នារីរងគ្រោះ) បានចូលទៅសម្ងំនៅក្នុងបន្ទប់លើផ្ទះ ហើយបានលួចលេបថ្នាំងងុយដេក ប្រភេទ Bromazepam ជិតអស់១ទីប (សល់ថ្នាំតែ៣គ្រាប់ប៉ុណ្ណោះ)។ ក្រោយកើតហេតុ ពួកគាត់ជាក្រុមគ្រួសារបានចូលទៅបន្ទប់កូនស្រី ប្រទះឃើញកូនដេកស្តូកស្តឹង និងមានទីបថ្នាំនៅក្បែរខ្លួន ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងថា កូនស្រីរូបនេះបានផឹកថ្នាំសម្លាប់ខ្លួន ក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពហុព្យាបាល ហួត សុគុណ តែម្តង។

បុរសជាឪពុកនារីរងគ្រោះ បន្តថា លុះក្រោយពីសម្រាកព្យាបាលបានរយៈពេល២យប់ ស្រាប់តែមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពហុព្យាបាល ហួត សុគុណ យ៉ាងអាណោចអាធ័មតែម្តង ទើបក្រុមគ្រួសារបានដឹកយកសាកសពត្រឡប់មកផ្ទះវិញ ដើម្បីចាត់ចែងធ្វើបុណ្យ។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នារីរងគ្រោះរូបនេះ គឺជាមនុស្សមានចរិតរួចរាយរាក់ទាក់ណាស់ និងតែងជួយទុក្ខធុរៈមិត្តភក្តិ និងអ្នកដទៃជានិច្ច ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ នាងហាក់ដូចជាមានវិបត្តិផ្លូវចិត្តអ្វីម៉្យាង ដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងរឿងស្នេហាផង ក៏មិនដឹង ទើបធ្វើឱ្យនារីរងគ្រោះចេះតែស្រងូតស្រងាត់ មិនសូវនិយាយស្តីអ្វីទាំងអស់ និងចូលចិត្តសម្ងំនៅតែក្នុងបន្ទប់។

ដោយឡែក តាមប្រភពពីមិត្តភក្តិជិតស្និទ្ធរបស់នារីរងគ្រោះ បានបង្ហើបប្រាប់ថា តាមពិតនារីរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយនឹងយុវជនម្នាក់ មួយរយៈមកហើយ ដោយបានដាក់ចិត្តស្រលាញ់គ្នាប្តូរផ្តាច់ណាស់ តែមិនដឹងជាយ៉ាងម៉េច ខាងប្រុសបែរជាបែកចិត្តទៅស្តីដណ្តឹងស្រីថ្មីធ្វើជាគូដណ្តឹង ដោយដោះដៃចោលនារីរងគ្រោះយ៉ាងរំភើយ ជាហេតុធ្វើឱ្យនារីរងគ្រោះឈឺចិត្តស្អិតទ្រូង រហូតឈានដល់ការគិតខ្លីបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានផឹកថ្នាំងងុយដេក ធ្វើអត្តឃាតប្រាកដមែន ដោយបានផឹកថ្នាំងងុយដេកប្រភេទ Bromazepam ជិតអស់១ទីប ពោលគឺសល់ថ្នាំតែ៣គ្រាប់ប៉ុណ្ណោះ។

សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES