Tuesday, October 7, 2025
Homeព័ត៌មានជាតិបុរសចិនដេកស្លាប់ក្នុងបន្ទប់កាសុីណូ មានស្នាមរបួសលើខ្លួន សមត្ថកិច្ចសង្ស័យករណីឃាតកម្ម

បុរសចិនដេកស្លាប់ក្នុងបន្ទប់កាសុីណូ មានស្នាមរបួសលើខ្លួន សមត្ថកិច្ចសង្ស័យករណីឃាតកម្ម

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់លេខ៣០៤ ជាន់ទី៣ នៃសណ្ឋាគារ និងកាស៊ីណូយីហោ ហ្គ្រេនដាយមិន មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងត្រូវបានមន្ត្រីជំនាញ ដាក់ការសង្ស័យថា ជាអំពើឃាតកម្ម បន្ទាប់ពីរកឃើញស្លាកស្នាមជាំជាច្រើនកន្លែងនៅលើខ្លួនសាកសព។

បុរសរងគ្រោះដែលសង្ស័យថា ត្រូវគេវាយសម្លាប់នៅក្នុងបន្ទប់កាស៊ីណូនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាជនជាតិចិន មានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកខោសាច់ក្រណាត់ខោជើងវែងពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ និងដេកស្លាប់ដណ្តប់ភួយពណ៌សនៅលើគ្រែ និងពុំឃើញមានឯកសារណាមួយរបស់ជនរងគ្រោះឡើយ។

ប្រភពព័ត៌មានមួយបានទម្លាយឱ្យដឹងថា តាមពិតបន្ទប់កើតហេតុខាងលើនេះ គឺជារបស់អ្នកផ្សេងជួល ហើយមិនដឹងថាមានពាក់ព័ន្ធយ៉ាងដូចម្តេច ជាមួយអ្នកជួលនោះ បែរជាជនរងគ្រោះស្លាប់នៅទីនោះ ចំណែកអ្នកជួលបន្ទប់គេចទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់នៅចន្លោះពីម៉ោង៣ទៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ដោយមានស្លាកស្នាមជាំដៃជាច្រើនកន្លែង ដែលសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាជំហានដំបូងសង្ស័យថា ជាអំពើឃាតកម្ម។

រហូតមកដល់វេលាម៉ោងជិត៨យប់ថ្ងៃដដែល ខណៈសាកសពត្រូវបានគេដឹកចេញពីចំណុចកើតហេតុសន្តិសុខកាស៊ីណូ ជាជនជាតិថៃម្នាក់ បានព្យាយាមហាមឃាត់មិនឱ្យអ្នកយកព័ត៌មានផ្តិតយករូបភាពនោះទេ។ ចំណែកសពត្រូវបានគេដឹកទៅតម្កល់នៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីរង់ចាំសាច់ញាតិទទួលយកទៅប្រទេសកំណើត ឬក៏ចាត់ចែងបូជា និងធ្វើបុណ្យតាមប្រពៃណីនៅបរិវេណវត្តខាងលើ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានអះអាងថា សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES