Tuesday, October 7, 2025
Homeព័ត៌មានជាតិចែកផ្លូវគ្នាហើយ ត្រូវគ្នាវិញ!!! ប្រុសចាប់ច្របាច់កសម្លាប់ស្រីស្នេហ៍ រួចផឹកថ្នាំពុលសម្លាប់ខ្លួន តែមិនស្លាប់ ត្រូវប៉ូលិសវាយខ្នោះ

ចែកផ្លូវគ្នាហើយ ត្រូវគ្នាវិញ!!! ប្រុសចាប់ច្របាច់កសម្លាប់ស្រីស្នេហ៍ រួចផឹកថ្នាំពុលសម្លាប់ខ្លួន តែមិនស្លាប់ ត្រូវប៉ូលិសវាយខ្នោះ

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ មិនដឹងជាមានជម្លោះអ្វីជាមួយនឹងនារីជាសង្សារ ក៏ស្រាប់តែធ្វើសកម្មភាពច្របាច់កសម្លាប់ស្រីស្នេហ៍របស់ខ្លួន រួចព្យាយាមផឹកថ្នាំពុលសម្លាប់ខ្លួនតាមក្រោយ បំណងស្លាប់ទាំង២នាក់ តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ចាប់ខ្លួននាំយកមកសាកសួរ និងចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតនៅបន្ទប់ជួលលេខ២៦Z ជាន់ទី៦ ភូមិ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

នារីរងគ្រោះដែលត្រូវគូស្នេហ៍ច្របាច់កសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះនង ចន្ទ្រា អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើត នៅភូមិអាស្ទាំង ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយឡែកជនសង្ស័យជាឃាតករដែលច្របាច់កសម្លាប់ស្រីស្នេហ៍ រួចផឹកថ្នាំពុលប៉ងសម្លាប់ខ្លួនតែមិនស្លាប់ មានឈ្មោះសែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់ ពេលឃាត់ខ្លួន ជននេះមិននិយាយស្តីអ្វីទាំងអស់ ហាក់ដូចជាមនុស្សសតិមិនប្រក្រតី ឬក៏បែកថ្នាំម្នាក់។

តាមប្រភពពីអ្នកស្នាក់នៅបន្ទប់ក្បែរគ្នា បានឱ្យដឹងថា រវាងជនសង្ស័យនិងនារីរងគ្រោះ ត្រូវជាគូស្នេហ៍នឹងគ្នា ប៉ុន្តែកន្លងមក អ្នកទាំងពីរឧស្សាហ៍កើតមានទំនាស់នឹងគ្នាណាស់ ព្រោះតែភ្លើងប្រចណ្ឌ រហូតដល់មួយរយៈមុននេះ ពួកគេទាំង២នាក់ធ្លាប់បែកចែកផ្លូវគ្នាម្តងរួចមកហើយ ប៉ុន្តែក្រោយមកមិនដឹងយ៉ាងម៉េច អ្នកទាំង២ ក៏បានត្រូវរ៉ូវគ្នាវិញ គ្រាន់តែមិនបានស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាទេ។

ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ គេឃើញជនសង្ស័យបានមករកនារីរងគ្រោះដល់បន្ទប់ម្តងរួចមកហើយ តែក៏មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍អ្វីដែរ ព្រោះតែដឹងថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា ហើយតែងតែឡើងចុះរកគ្នាបែបនេះជាញឹកញាប់។ រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ គេបានឮសំឡេងស្រែកចេញពីបន្ទប់ជួលកើតហេតុខាងលើ ទើបធ្វើឱ្យអ្នកស្នាក់នៅបន្ទប់ជួលក្បែរខាង នាំគ្នាផ្អើលទៅអើតមើល លុះទៅដល់ក៏ឃើញនារីរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ចំណែកជនសង្ស័យអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ ចុងជើងសពខាងស្រី។

ក្រោយឃើញសភាពបែបនេះ ប្រជាពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ តែអកុសល នារីរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា បានលេបថ្នាំសម្លាប់ខ្លួន ក្រោយពីធ្វើសកម្មភាពច្របាច់កសម្លាប់ស្រីស្នេហ៍រួចហើយ ទើបត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជាមុនសិន មុននឹងនាំទៅធ្វើការសាកសួរពីដំណើរដើមរឿងពិតប្រាកដ និងចាត់ការតាមច្បាប់។

ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់នៅឡើយថា មូលហេតុផ្តើមចេញពីអ្វី ហើយការសម្លាប់នារីជាសង្ស័យ មិនដឹងជាជនសង្ស័យធ្វើឡើងតាមរូបភាពណាឱ្យពិតប្រាកដឡើយ ប៉ុន្តែនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញមានម្សៅ និងខ្សែមួយផងដែរ៕

RELATED ARTICLES