ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ព្រោះតែមិនឃើញបងប្រុសមកយកបាយទៅហូបដូចសព្វដង ក៏នឹកឆ្ងល់ដើរតាមរក ស្រាប់តែប្រទះឃើញបងប្រុសធ្លាក់ចូលអណ្តូងលូទឹកស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៤និង១០នាទីរសៀល នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។
បុរសរងគ្រោះដែលធ្លាក់ចូលអណ្តូងស្លាប់ មានឈ្មោះសៀង គក អាយុ៦៧ឆ្នាំ មុខរបរកសិករ និងជាមនុស្សមានសតិមិនសូវប្រក្រតីប៉ុន្មានទេ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះសៀង ពៅ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ដោយមិនឃើញបងប្រុស (ជនរងគ្រោះ) មកយកបាយទៅហូបដូចសព្វដង ទើបធ្វើឱ្យគាត់នឹកឆ្ងល់ ក៏បានមកដើរទៅរកបងប្រុសនៅផ្ទះ តែមិនឃើញ។ ភ្លាមនោះ គាត់ក៏បានដើររកមើលនៅក្បែរអណ្តូងលូ ទីតាំងកើតហេតុខាងលើ ក៏ប្រទះឃើញស្បែកជើងជនរងគ្រោះមួយចំហៀងនៅក្បែរអណ្តូង ចំណែកមួយជំហៀងទៀតនៅក្នុងអណ្តូង បន្ទាប់មកក៏ឃើញបងប្រុសបានស្លាប់នៅក្នុងអណ្តូងបាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកជិតខាងជួយស្រង់សាកសពឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យ រួមមានកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា សពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺស្លាប់ដោយសារលង់ទឹកអណ្តូង។
ក្រោយពេលពិនិត្យ សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕