ភ្នំពេញ ៖ បុរសមានចរិតជាមនុស្សស្រីម្នាក់ បានលួងលោមបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ឱ្យឡើងជិះឡានជាមួយខ្លួន លុះធ្វើដំណើរតាមផ្លូវ ក៏ចេះតែលូកដៃស្ទាបភ្លៅ និងអូសបង្ហួសទៅកន្លែងផ្សេង រហូតដល់បុរសរូបនោះទ្រាំមិនបាន ក៏ប្រាប់ថាកុំធ្វើបែបនេះ ធ្វើឱ្យបុរសចរិតស្រីខឹង ក៏ដេញចុះពីលើឡាន រួចក៏ស្រែកឆោឡោថាចោរឆក់កាបូប ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាការពារដេញតាមចាប់បាន នាំមកសាកសួរ ទើបដឹងថា គឺជារឿងស្នេហាប្រុសស្រលាញ់ប្រុសសោះ។
ហេតុការណ៍ភ្លើងប្រចណ្ឌភេទដូចគ្នា ខឹងប្រុសស្នេហ៍មិនឱ្យលូកស្ទាប ស្រែកថាចោរនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ភាគីជាតួអង្គស្រី ដែលខឹងលូកស្ទាបតួអង្គប្រុសមិនបាន បែរជាស្រែកចោទប្រកាន់ខាងប្រុសថា ចោរឆក់កាបូបនេះ មានឈ្មោះម៉ូវ អាយុប្រមាណជិត៤០ឆ្នាំ ស្លៀកខោសាច់ក្រណាត់ពណ៌គគីរ ពាក់អាវយឺតពណ៌ស និងជាម្ចាស់រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AQ-8924។ ចំណែកតួអង្គប្រុសដែលជាមនុសប្រុសពេញលក្ខណៈ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជិត៤០ឆ្នាំ ស្លៀកខោប៉ារ៉ា និងពាក់អាវយឺតពណ៌ស។
តាមសម្តីបុរសជាតួអង្គប្រុស បានរៀបរាប់ប្រាប់ថា គាត់មានរបរជាអ្នករត់ម៉ូតូឌុប និងមានប្រពន្ធកូនរួចទៅហើយ ដោយមានកូនដល់ទៅ៥នាក់ឯណោះ ហើយគាត់បានស្គាល់គ្នាជាមួយបុរសឈ្មោះម៉ូវ (តួអង្គស្រី) រយៈពេលប្រមាណ២ទៅ៣ខែមកហើយ ដោយឈ្មោះម៉ូវ ចេះតែជួលឱ្យគាត់ជាម៉ូតូឌុបទៅទិញនេះទិញនោះមកឱ្យ ហើយក៏បានរាប់អានគ្នា តែគាត់មិនធ្លាប់គិតថា ចង់មានទំនាក់ទំនងស្នេហាភេទដូចគ្នាអីនោះទេ ហើយបើដឹងថាឈ្មោះម៉ូវ មានបំណងបែបនេះមកលើគាត់ ក៏គាត់មិនរាប់អានដែរ។
តួអង្គប្រុស បានបន្តថា នៅមុនពេលកើតហេតុ ឈ្មោះម៉ូវ (តួអង្គស្រី) បានហៅគាត់ឱ្យឡើងជិះឡានជាមួយ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ឈ្មោះម៉ូវ ចេះតែយកដៃមកលូកស្ទាបភ្លៅរបស់គាត់ ហើយចេះតែបង្អូសចង់បង្ហួសចូលកន្លែងសំខាន់ទៀត ទើបគាត់ចេះតែចាប់ទាញដៃចេញ ប៉ុន្តែឈ្មោះម៉ូវ នៅតែបន្តសកម្មភាពដដែលជាដដែល ទើបគាត់ខឹងក៏និយាយថា កុំធ្វើបែបនេះ ស្រាប់តែឈ្មោះម៉ូវ នោះខឹងក៏ដេញគាត់ឱ្យចុះពីលើឡាន លុះពេលគាត់ចុះដើរ ឈ្មោះម៉ូវ ក៏តាមហៅគាត់ឡើងឡានវិញ តែពេលគាត់ឡើងឡានវិញ ក៏ឈ្លោះគ្នាម្តងទៀត ទើបគាត់បានចុះដើរ ធ្វើឱ្យឈ្មោះម៉ូវ តាមហៅគាត់ឡើងជិះឡានមិនបាន ក៏ឈប់ឡាន រួចចុះមកស្រែកថាគាត់ជាចោរឆក់កាបូប ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋក្បែរនោះដេញតាមចាប់គាត់ ធ្វើឱ្យគាត់ភ័យក៏ប្រឹងរត់កាត់ព្រៃ កាត់ភក់ រហូតដល់សមត្ថកិច្ចនិងប្រជាការពារដេញចាប់បាន ទើបនាំយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលសាក់សំពៅ។
ចំណែកបុរសឈ្មោះម៉ូវ ជាតួអង្គស្រីវិញ មិនព្រមនិយាយស្តីអ្វីទាំងអស់ ដោយចេះតែឈ្ងោកមុខជាប់នឹងតុ និងព្យាយាមយកដៃបាំងមុខ មិនឱ្យគេស្គាល់។
ជុំវិញករណីខាងលើនេះ លោកនាយប៉ុស្តិ៍សាក់សំពៅ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីចោរឆក់កាបូប ទើបកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានសហការជាមួយប្រជាការពារចាប់ខ្លួនជនសង្ស័យបាន លុះឃាត់ខ្លួនសួរនាំ ទើបដឹងថា តាមពិតមិនមែនជាករណីចោរកម្មអ្វីទេ តែជារឿងប្រចណ្ឌស្នេហាភេទដូចគ្នាប៉ុណ្ណោះ។ យ៉ាងណា នេះចាត់ទុកថាជាសំណាងធំណាស់ ដែលសមត្ថកិច្ចឃាត់ខ្លួនបុរសនោះបានមុន ហើយប្រជាពលរដ្ឋមិនជះកំហឹងប្រើអំពើហិង្សាដាក់ ពុំនោះទេ ច្បាស់ជាមានគ្រោះថ្នាក់ធ្ងន់មិនខាន ទាំងដែលការពិតមិនមែនជាបទល្មើសសោះ។ យ៉ាងណា លោកអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ នៅពេលកើតមានបទល្មើសអ្វីមួយ ចាប់ឃាត់ខ្លួនជនសង្ស័យបាន សុំកុំប្រើអំពើហិង្សា ព្រោះនាំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងនាំឱ្យមានទោសទណ្ឌដល់ខ្លួនឯងផ្ទាល់ ពិសេសប្រសិនបើជាករណីភាន់ច្រឡំ ដូចករណីខាងលើ នោះច្បាស់ជាមានការសោកស្តាយមិនខាន។
ក្រោយធ្វើការសួរនាំដឹងរឿង សមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ភាគីទាំងពីរ បន្ទាប់មកក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួនទៅ៕