យោងតាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី16 ខែមិថុនា ឆ្នាំ2108 បានឱ្យដឹងថា ក្លឹបស្តេចស Real Madrid ទិញបានខ្សែប្រយុទ្ធ Rodrygo ពីក្លឹបបាល់ទាត់ប្រេស៊ីល Santos។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា កីឡាករវ័យ17ឆ្នាំរូបនេះ មានតម្លៃ45លានអឺរ៉ូ ស្មើនឹងជាង52/2លានដុល្លារ តែមិនបានបង្ហើបឱ្យដឹងពីរយៈពេលកុងត្រានោះទេ។ តាមកិច្ចព្រមព្រៀងនេះ ខ្សែប្រយុទ្ធ Rodrygo នឹងត្រូវបន្តលេងនៅក្លឹបប្រេស៊ីល មួយរដូវកាលទៀត មុនមកលេងជាផ្លូវការជាមួយក្លឹបថ្មីខ្លួន។
តម្លៃជាង50លានដុល្លារនេះ គឺជាប់ជាកំណត់ត្រាថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រដែលក្លឹបប្រេស៊ីល Santos។
កីឡាករវ័យ17ឆ្នាំ Rodrygo បានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាល2017-18។ កីឡាករខ្សែប្រយុទ្ធរូបនេះ ស៊ុតចូល6គ្រាប់ និងជួយមិត្តរួមក្រុម2លើក ក្នុងការបង្ហាញខ្លួន15លើក។ ចំណែកឯក្នុងបាល់ទាត់អន្តរជាតិវិញ ស៊ុតចូល3គ្រាប់ ក្នុងការបង្ហាញខ្លួន4លើក ឱ្យក្រុមជម្រើសជាតិប្រេស៊ីល វ័យក្រោម17ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះ ក៏ត្រូវបានសហព័ន្ធកោះឱ្យចូលលេងក្រុមជម្រើសជាតិ វ័យក្រោម20ឆ្នាំផងដែរ ប៉ុន្តែមិនទាន់ត្រូវបានគ្រូបង្វឹក ដាក់ឱ្យចូលលេងនៅឡើយទេ គិតមកទល់ពេលនេះ៕