សហព័ន្ធបាល់ទាត់អ៊ីតាលី បានសម្រេចពិន័យកីឡាករខ្សែប្រយុទ្ធ Emanuele Calaio របស់ក្លឹប Parma រយៈពេល2ឆ្នាំ មិនឱ្យជាប់ពាក់ព័ន្ធនឹងវិស័យបាល់ទាត់ ពីបទលួចកែប្រែលទ្ធផលប្រកួត កាលពីរដូវកាលកន្លងទៅ។
ក្រៅពីជាប់បម្រាម2ឆ្នាំ កីឡាករវ័យ36ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី ពិន័យជាប្រាក់ជាង2ម៉ឺនដុល្លារ ថែមទៀត។
កីឡាករ Calaio ត្រូវបានចោទប្រកាន់ពីបទលួចផ្ញើសារទៅឱ្យអតីតមិត្តរួមក្រុម មុនការប្រកួតឈ្នះ Spezia 2-0 កាលពីខែឧសភា មានកៅអីមួយឡើងមកអ៊ីតាលី ស៊េរី A សម្រាប់រដូវកាលថ្មី។
Calaio ដែលបានចាកចេញពី Spezia ទៅរួមរស់ជាមួយ Parma កាលពីឆ្នាំ2016 បានលួចផ្ញើសារតាម WhatsApp ទៅឱ្យកីឡាករក្លឹប Filippo de Col និង Claudio Terzi របស់ក្លឹប Spezia ថា ក្លឹបរបស់លោកនឹងឈ្នះការប្រកួតនេះ។
ក្លឹប Parma ធ្លាប់ត្រូវបានកាត់ទៅស៊េរី D បន្ទាប់ពីក្លឹបក្ស័យធន កាលពីឆ្នាំ2015៕