Saturday, September 13, 2025
Homeសង្គម និងជីវិតបំណុលវ័ណ្ឌក ប្តីចងកស្លាប់ចោលប្រពន្ធកូន

បំណុលវ័ណ្ឌក ប្តីចងកស្លាប់ចោលប្រពន្ធកូន

ខេត្តព្រៃវែង ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងរកស៊ីយូរទៅ បែរជាខាតចុងខាងដើម គ្មានសល់ប្រាក់ បែរជាជំពាក់បំណុលគេជុំទិស គ្មានលទ្ធភាពសង ក៏សម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ដើម្បីគេចបំណុល ដោយបន្សល់ទុកប្រពន្ធកូនឱ្យរស់នៅកំព្រោវទនា គ្មានទីពឹង។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខ្ទមចាំស្រូវរបស់ម្ចាស់ឈ្មោះអូន សម្បត្តិ ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតនៅចម្ងាយ៦០០ម៉ែត្រ ខាងលិចភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែជំពាក់បំណុលគេច្រើនពេកនេះ មានឈ្មោះហង្ស ហយ អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះដើមឡើយគឺជាមនុស្សពូកែធ្វើការរកស៊ីខ្លាំងណាស់ ដោយប្រឹង រកប្រាក់ចិញ្ចឹមប្រពន្ធកូន ដោយមិនចេះរួញរា ត្អូញត្អែរអ្វីឡើយ ប៉ុន្តែការរកស៊ីដំណើរការយូរទៅ ហាក់លែងសូវកាក់កប ទើបធ្វើឱ្យជនរងគ្រោះ ចេះតែខ្ចីប្រាក់ពីខាងនេះ ទៅបង្គ្រប់ខាងណោះ ខ្ចីខាងណោះមកបង្គ្រប់ខាងនេះ លុះយូរៗទៅ មិនឃើញប្រាក់ចំណេញសល់តែបំណុលឡើងវ័ណ្ឌក រហូតដល់អត់លទ្ធភាពសង ក៏បែកគំនិតគិតខ្លីបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃ គេសង្កេតឃើញជនរងគ្រោះមានទឹកមុខស្រងូតស្រងាត់ខុសប្លែកពីធម្មតា លុះសួរនាំទៅ ក៏ឆ្លើយថា ពិបាកចិត្តរឿងបំណុល ប៉ុន្តែមិនមានអ្នកណាម្នាក់នឹកស្មានដល់សោះថា ជនរងគ្រោះនឹងមានគំនិតខ្លីដល់ម្លឹង។ រហូតមកដល់ វេលាម៉ោងកើតហេតុខាងលើ ដោយបាត់ជនរងគ្រោះមិនឃើញនៅផ្ទះ ទើបក្រុមគ្រួសារនាំគ្នាតាមស្វែងរក ស្រាប់តែប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួន នៅក្នុងខ្ទមចាំស្រូវរបស់អ្នកភូមិ ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍៕

RELATED ARTICLES