Thursday, April 2, 2026
Homeសង្គម និងជីវិតពាក់មី នឹកឧកញ៉ាចងក ប្រតិកម្ម នឹកលុយច្រើនជាង

ពាក់មី នឹកឧកញ៉ាចងក ប្រតិកម្ម នឹកលុយច្រើនជាង

ភ្នំពេញ ៖ តារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជា លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានប្រតិកម្មទៅនឹងអ្នកដែលរិះគន់លោកថា ការបង្ហាញអារម្មណ៍នឹករលឹកទៅដល់ឧកញ៉ា ឈាង រ័ត្ន ដែលបានស្លាប់ដោយសារចងកធ្វើអត្តឃាត កាលពីពីរឆ្នាំមុននោះ មិនមែនជាការនឹកចេញពីចិត្តពិតប្រាកដទេ គឺអាចនឹកលុយច្រើនជាង ។ នាយពាក់មី បញ្ជាក់ថា កាលនៅរស់ ឧកញ៉ាឈាង រ័ត្ន ធ្លាប់មានទំនាក់ទំនងល្អជាមួយលោក ហើយក្នុងពេលរាប់អានគ្នានោះ លោកឃើញថា ឧកញ៉ារូបនេះ ពិតជាមនុស្សល្អ កម្ររកបានមែន ។ ដូច្នេះគ្មានហេតុផលអ្វីដែលឲ្យលោកទៅនឹកលុយរបស់គាត់នោះទេ ព្រោះសព្វថ្ងៃ លោកក៏មានលុយគ្រប់គ្រាន់ហើយ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកចែម ចាន់រ៉ា ហៅនាយពាក់មី ដែលជាមនុស្សស្និទ្ធស្នាលជាមួយឧកញ៉ា ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ធរី ហៅស្រីអូន បានបង្ហោះរូបថតសពឧកញ៉ាឈាង រ័ត្ន នៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ភ្ជាប់ជាមួយសំណេរថា “បង ខ្ញុំនឹកបង” ។

ក្រោយការបង្ហោះរូបថតនិងសំណេរខាងលើនេះ នាយពាក់មី អះអាងថា មានមតិពីរ បានចូលទៅបញ្ចេញមតិយោបល់ (comment) គឺមតិទី១ យល់ពីអារម្មណ៍នឹងរលឹករបស់់លោកពិតប្រាកដ ចំពោះឧកញ៉ាឈាង រ័ត្ន ដោយអ្នកខ្លះ បានលើកឡើងថា មនុស្សធ្លាប់រាប់អានគ្នានៅតែមានមនោសញ្ចេតនា ទោះអ្នកនោះក្លាយទៅជាយ៉ាងណា ក៏នៅតែមានក្ដីនឹករលឹក និងអ្នកខ្លះទៀតបានលើកឡើងថា គ្រាន់តែនឹកមនុស្សដែលស្លាប់ទៅហើយ គ្មានអ្វីខុសទេ ដូច្នេះមនុស្សខាងក្រៅ សូមកុំខម្មិនអ្វីដែលជាពាក្យមិនសមរម្យ ។ ចំណែកមតិទី២ បែរជាយល់ថា ចង់បានប្រយោជន៍ការនឹកនេះ ដោយអ្នកខ្លះបានសួរលោកថា តើនឹកចេញពីចិត្តឬអត់? តើកំពុងយកខ្មោច ធ្វើ អាជីវកម្មឬ? និងខ្លះទៀត ក្រៅពីចំអក ប្រមាថ បញ្ចើចបញ្ចើថា បើនឹក សូមឲ្យទៅលេងគាត់ទៅ ឬថា ៥០ឆ្នាំ ទៀត ព្រលឹងឧកញ៉ា ឈាង រ័ត្ន អាចនឹងមកយកលោកទៅដែរនោះ ក៏បានលើកឡើងថា លោកនឹកលុយច្រើនជាង ។

ទាក់ទងដល់ការចោទថា លោកនឹកលុយច្រើនជាងនេះ នាយពាក់មី ប្រតិកម្មថា លោកពិតជាមិនយល់ពីមតិរិះគន់ទាំងនោះ ដែលលោកផុសបង្ហាញអារម្មណ៍នឹកមនុស្សល្អធម្មតាសោះ បែរជាមកថាលោកនឹកលុយ និងចង់យកខ្មោចធ្វើអាជីវកម្ម ។ លោកមិនចង់ឆ្លើយឆ្លងនឹងពាក្យឌឺដងនេះទេ ប៉ុន្តែបើលោកនៅស្ងៀម មិនប្រតិកម្ម នឹងនាំឲ្យមហាជនយល់ថា អ្វីដែលមជ្ឈដ្ឋានទាំងនោះលើកឡើង គឺជារឿងពិត ។ ដូច្នេះលោកសូមបញ្ជាក់ខ្លីថា លោកមានលុយគ្រប់គ្រាន់ហើយ“ ។

នាយ ពាក់មី បានសរសេរឆ្លើយតបក្នុងខម្មិន របស់លោកថា “អត់យល់! ខ្ញុំផុស នឹកមនុស្សដែលល្អជាមួយខ្ញុំ និងមានអនុស្សាវរីយល្អៗជាមួយខ្ញុំ ហេតុអីមនុស្សមួយចំនួន មកឌឺដង រិះគន់ខ្ញំចឹង? តើប៉ះពាល់អីដល់អស់ លោកដែរ?” ។

គួររំលឹកថា លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងក នៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងគេហដ្ឋានរបស់សាច់ញាតិ ស្ថិតក្នុងបុរីប៉េងហួត បឹងស្នោ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមការកត់សម្គាល់ ចាប់តាំងពីលោកឧកញ៉ា  ឈាង រ័ត្ន បានចែកឋាន ក្រៅតែការវែកញែកបញ្ហាមួយចំនួនពាក់ព័ន្ធគ្រួសារ និងការចងកសម្លាប់ខ្លួន ក៏កើតមានរឿងរ៉ាវផ្សេងៗ ដូចជា ព្រលឹងឧកញ៉ាឈាង រ័ត្ន ទៅពន្យល់សប្តិបុគ្គលមួយចំនួន និងមានបុគ្គលខ្លះទៀត តាំងខ្លួនជាគ្រូ ហើយលើកឡើងថា ព្រលឹងឧកញ៉ា ឈាង រ័ត្ន ចូលរូប (សណ្ឋិត) ប្រាប់រឿងរ៉ាវគ្រួសារ និងមូលហេតុនៃការស្លាប់ ជាដើម ។

ជុំវិញរឿងហេតុនេះ នាយ ពាក់មី ធ្លាប់បង្ហាញការហួសចិត្ត និងថែមទាំងអង្វរដោយទទូច ឲ្យបញ្ឈប់រាល់ទង្វើដែលបង្កើតរឿងដែលថា ព្រលឹងឧកញ៉ា ឈាង រ័ត្ន ចូលរូប ឬពន្យល់សប្ដិ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសារ ដោយលោកបញ្ជាក់ថា លោកមិនបានហាមឃាត់អ្នកដែលជឿនោះទេ គឺជាសិទ្ធិសេរីភាពបុគ្គលរៀងៗខ្លួន ប៉ុន្តែចំពោះលោក គឺមិនជឿទេ ហើយថែមទាំងធុញទៀតផង ៕ កុលបុត្រ

RELATED ARTICLES