Saturday, September 13, 2025
Homeសង្គម និងជីវិតជិះម៉ូតូបុកគូទគោយន្ត ជង់កនឹងបំពង់ឫស្សីស្លាប់

ជិះម៉ូតូបុកគូទគោយន្ត ជង់កនឹងបំពង់ឫស្សីស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូនៅលើដងផ្លូវតែម្នាក់ឯងសុខៗ មិនដឹងជាយ៉ាងម៉េច សង្ស័យជាន់ហ្វ្រាំងមិនស៊ី ឬអាចមកពីងងឹតមុខ ក៏ស្រាប់តែជ្រុលចង្កូតទៅបុកគោយន្តដឹកឫស្សី១គ្រឿង ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យមែកឬស្សីបុកធ្លុះបំពង់កស្លាប់មួយរំពេចនៅនឹងកន្លែង គួរឱ្យសង្វេគ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦អា ខាងត្បូងប៉ុស្តិ៍បាក់ខែង ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

បុរសរងគ្រោះដែលជិះម៉ូតូបុកគូទគោយន្តដឹកឬស្សី បណ្តាលឱ្យឫស្សីជង់ធ្លុះបំពង់កស្លាប់ មានឈ្មោះផាត់ សុខលីន អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-1857។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគោយន្ត១គ្រឿងដឹកឫស្សីពេញប្រៀប បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូរបស់ជនរងគ្រោះ បានជិះតាមពីក្រោយ (ក្នុងទិសដៅស្របគ្នា)។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែម៉ូតូជនរងគ្រោះ ទំនងជាអ្នកបើកម៉ូតូងងឹតមុខ ឬជាន់ហ្វ្រាំងមិនស៊ី ក៏បានជ្រុលចង្កូតទៅបុកពេញទំហឹង ចូលចំពីក្រោយឬស្សីដែលនៅពីលើគោយន្ត បណ្តាលឱ្យមុតជង់ធ្លុះបំពង់ក ដួលប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មតែម្តង៕​

RELATED ARTICLES