Saturday, September 13, 2025
Homeសង្គម និងជីវិតពស់ចឹក៣ថ្ងៃ ក្មេងស្រីរលួយជើងស្លាប់

ពស់ចឹក៣ថ្ងៃ ក្មេងស្រីរលួយជើងស្លាប់

ខេត្តមណ្ឌលគិរី ៖ ក្មេងស្រីម្នាក់ បានរត់លេងបិទពួនជាមួយនឹងក្មេងដទៃទៀតនៅក្នុងភូមិ រួចក៏ចូលទៅពួនក្នុងដុបព្រៃ ស្រាប់តែត្រូវពស់ពិសមួយក្បាល (មិនដឹងជាពស់អ្វី) ចឹងចំម្រាមជើង បណ្តាលឱ្យឈឺចុកចាប់យ៉ាងខ្លាំង ចំណែកឪពុកម្តាយមានការធ្វេសប្រហែស មិនបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ទីបំផុត ៣ថ្ងៃក្រោយ ក្មេងស្រីរងគ្រោះ ត្រូវរលួយជើងត្រង់មុខរបួសពស់ចឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ពស់ចឹកក្មេងស្រីនេះ បានកើតឡើងតាមងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិណងប៊ួ (ស្រែជ្រៃ) ឃុំណងឃីលឹក ស្រុកកោះញែក។ លុះមកដល់វេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្មេងស្រីរងគ្រោះដែលត្រូវពស់មានពិសចឹករហូតដល់ស្លាប់ មានឈ្មោះខុំ កែវ អាយុ៩ឆ្នាំ មានឪពុកឈ្មោះចាន់ ខុំ មុខរបរកសិករ ម្តាយឈ្មោះខាំភី ហិប មុខរបរកសិករ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ រួមនឹងក្មេងៗក្នុងភូមិប៉ុន្មាននាក់ទៀត បាននាំគ្នាលេងបិទពួននៅក្បែរផ្ទះ។ លុះពេលរត់ទៅពួន ក្មេងស្រីរងគ្រោះ បានទៅពួននៅក្នុងដុបព្រៃមួយកន្លែង ស្រាប់តែត្រូវសត្វពស់មានពិសមួយក្បាល មិនដឹងជាពស់អ្វី ចឹកចំម្រាមជើងខាងឆ្វេង បណ្តាលឱ្យក្មេងស្រីរងគ្រោះឈឺចុកចាប់យ៉ាងខ្លាំង និងផ្អើលដល់ក្រុមគ្រួសារ នាំយកទៅឱ្យគ្រូខ្មែរជួយស្តោះផ្លុំ។

ប្រភពដដែលបន្តថា ដោយសារតែក្រុមគ្រួសារក្មេងស្រីរងគ្រោះ មានជំនឿទៅលើគ្រូស្តោះផ្លុំ ទើបមិនបានបញ្ជូនកូនស្រីទៅមន្ទីរពេទ្យភ្លាមៗនោះទេ រហូតដល់ស្ថានភាពម្រាមជើងរបស់ក្មេងស្រីរងគ្រោះត្រង់ចំណុចមុខរបរពស់ចឹក មានសភាពហើមខ្មៅរលួយ ធ្វើឱ្យក្មេងស្រីរងគ្រោះ ទ្រាំនឹងសភាពឈឺចាប់លែងបាន ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថៃទី០៣ ខែសីហា ឆ្នាំ២០១៨ តែម្តង៕

RELATED ARTICLES